សុខៗមាសឡើងខ្ពស់ដល់ក្បែរ២,៤០៩$ក្នុង១តម្លឹង គួរបន្តទុកឬលក់? មកស្ដាប់យោបល់អ្នកជំនាញ
Toeuy HongMARCH 23 20234.6 K views

មុននឹងធនាគារអាមេរិកទី១៦ Silicon Valley ដួលរលំតម្លៃមាសលើទីផ្សារអន្តរជាតិត្រូវបានគេជួញដូរក្នុងតម្លៃខ្ទង់១,៨៤០ដុល្លារក្នុងមួយអោន(ស្មើ២,២២៦ដុល្លារក្នុងមួយតម្លឹង)  ប៉ុន្ដែបន្ទាប់ពីព័ត៌មាននៃការដួលរលំធនាគារមួយនេះ តម្លៃមាសចាប់ផ្ដើមហក់ឡើងយ៉ាងខ្លាំងហើយមកដល់ពេលនេះឡើងដល់ក្បែរ២ពាន់ដុល្លារក្នុងមួយអោន( ស្មើនឹង២,៤០៩ដុល្លារក្នុងមួយតម្លឹង។ បើមាសហក់ឡើងដល់តម្លៃខ្ពស់បែបនេះ អ្នកមានមាសក្នុងដៃគួរបន្តទុកឬលក់ចេញ?

ទាក់ទងនឹងសំណួរខាងលើ លោក យន ចាន់ម៉េងសុង ប្រធានភ្នាក់ងារជើងសារឧបករណ៍និស្សន្ទជាន់ខ្ពស់ នៃក្រុមហ៊ុន GFG Investment ដែលជាក្រុមហ៊ុនផ្ដល់សេវាប្រឹក្សាលើការជួញដូរវិស័យហិរញ្ញវត្ថុ បានឲ្យដឹងតម្លៃមាសបច្ចុប្បន្នក្បែរ២ពាន់ដុល្លារឬ២ពាន់ដុល្លារក្នុងមួយអោនគឺជាតម្លៃមួយខ្ពស់ បើយើងងាកទៅមើលលើប្រវតិ្តនៃការជួញដូរបស់វា។

 លោកបានបន្តទៀតថា តម្លៃឡើងមកដល់ក្បែរ២ពាន់ដុល្លារនេះ អ្នកវិនិយោគមួយចំនួនស្ថិតក្នុងភាពស្រពិចស្រពិល អាចនិយាយបានថាដល់ចំណុចមួយដែលអ្នកវិនិយោគមិនហ៊ានរក្សាទុកមាសក្នុងរយៈពេលយូរនោះទេ ជាពិសេសអ្នកមានមាសក្នុងដៃក្នុងទំហំធំៗដូចជាអ្នកវិនិយោគនៅបណ្ដាសហគមន៍អឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម ពោលគឺពួកគាត់មិនរក្សាទុកមាសយូរនោះទេព្រោះតម្លៃពេលនេះគឺខ្ពស់។

លោកបានបង្ហើបថាជារួមមក បើយើងមើលទៅលើព័ត៌មាន មើលបញ្ហាផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងលុយដុល្លារ លោកគិតថាមិនជាធ្ងន់ធ្ងរឬមានសម្ពោធខ្លាំងដែលជំរុញឲ្យតម្លៃមាសងើបឡើងខ្ពស់នោះទេ។ ត្រង់នេះលោកយល់ឃើញថាមិនយូរប៉ុន្មាននោះទេតម្លៃមាសនឹងអាចធ្លាក់ចុះមកវិញព្រោះតម្លៃមាសបើដល់កម្រិតមួយដែលខ្ពស់ ហើយមានការបញ្ចេញមាសទៅក្នុងទីផ្សារច្រើន នោះតម្លៃមាសនឹងធ្លាក់ចុះមកវិញលឿន។

និយាយរួមទៅគ្រប់ការវិនិយោគមិនថាអ្នកវិនិយោគ មិនថាអ្នកប្រើប្រាស់សុទ្ធតែគិតទៅលើផលប្រយោជន៍និងផលចំណេញ អ៊ីចឹងប្រើសិនបើតម្លៃមាសស្ថិតនៅក្នុងកម្រិតខ្ពស់ពេកនោះវិនិយោគិនដែលវិនិយោគក៏គិតលើផលចំណេញដូចគ្នា ដូច្នេះពួកគាត់នឹងបញ្ចេញមាសលក់ក្នុងទីផ្សារដែលរុញតម្លៃមាសឲ្យធ្លាក់ចុះមកវិញតែមិនធ្លាក់ចុះខ្លាំងនោះទេព្រោះបញ្ហាសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែននៅតែមានបញ្ហាចោទដែលធ្វើឲ្យវិនិយោគិនមិនទាន់មានទំនុកចិត្តលើស្ថិរភាពសេដ្ឋកិច្ចនៅឡើយ។

ជាយោបល់របស់លោកផ្ទាល់ ទាំងអ្នកប្រើប្រាស់និងអ្នកវិនិយោគដើម្បីផលចំណេញ ប្រើសិនជាគាត់មានមាសនៅក្នុងដៃ ពួកគាត់អាចគិតគូបញ្ចេញមាសលក់លើទីផ្សារ ព្រោះតម្លៃមាសពេលនេះទោះជាមានការងើបឡើងក៏ងើបឡើងក្នុងរយៈពេលខ្លីហើយក៏មិនឡើងខ្ពស់ជាងនេះទៀតប៉ុន្មានដែរ។ ប៉ុន្ដែបើធ្លាក់ចុះវិញវាអាចនឹងធ្លាក់មកចុះខ្ទង់១,៧០០ដុល្លារក្នុងមួយអោន។

 ត្រង់នេះលោកថាបើតម្លៃអាចធ្លាក់ចុះរហូត២០០ដុល្លារតែអាចឡើងត្រឹមតែខ្ទង់២០ដុល្លារ អ្នកអាចពិចារណាថាតើគួរទុកឬលក់ចេញ។ លោកក៏បានផ្ដល់យោបល់សម្រាប់អ្នកដែលចង់វិនិយោគលើហាងឆេងតម្លៃមាសអាចគូគិតលក់ចេញ ព្រោះបើទិញមាសអំឡុងពេលនេះកម្រិតនៃផលចំណេញគឺតិចតែកម្រិតនៃការរងសម្ពាធធ្លាក់ចុះគឺច្រើន។

គួរបញ្ជាក់ផងដែរថាអ្វីដែលបានរៀបរាប់ខាងលើគឺគ្រាន់តែជាផ្ដល់យោបល់របស់លោក យន ចាន់ម៉េងសុង ដែលជាអ្នកជំនាញក៏ដូចជាអ្នកតាមដានទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដូច្នេះចំពោះការសម្រេចចិត្តទិញឬលក់គឺអាស្រ័យទៅលើបងប្អូនជាអ្នកសម្រេចចិត្តដោយខ្លួនឯងផ្ទាល់។

ចង់តាមដានព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុក៏ដូចជាការប្រើលុយឲ្យចំណេញ និងវិនិយោគលុយដើម្បីបង្កើនទ្រព្យ អាចតាមដាន Facebook page Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម   https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia