អស្ចារ្យណាស់! SDF បានឈ្នះមេដាយប្រាក់ពី BRANDON HALL GROUP ដែលមានទីស្នាក់ការផ្ទាល់នៅសហរដ្ឋអាមេរិក
ធី ស្រីល័ក្ខAUGUST 20 202545 views

នេះគឺជារឿងដ៏អស្ចារ្យខ្លាំងមែនទែន ដែល SDF បានឈ្នះមេដាយប្រាក់ពីពានរង្វាន់ អាជីពការងារនាពេលអនាគតនៃ “កម្មវិធីអភិវឌ្ឍន៍ជំនាញដ៏ល្អបំផុតសម្រាប់បុគ្គលិក” ខណៈមេដាយនេះផ្តល់ជូនដោយ BRANDON HALL GROUP ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក។

 

ចំពោះមេដាយប្រាក់នេះត្រូវបានវាយតម្លៃយ៉ាងម៉ត់ចត់ពីក្រុមអ្នកជំនាញឯករាជ្យរបស់ BRANDON HALL GROUP ដោយផ្អែកលើ៤ចំណុចធំ៖

.តម្រូវការជំនាញជាក់ស្តែងក្នុងអាជីវកម្ម និងបរិបទការងារបុគ្គលិក

.ការគ្រប់គ្រងគម្រោងសិក្សា និងការអភិវឌ្ឍជំនាញ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ

.ភាពច្នៃប្រឌិត និងបទពិសោធល្អពីដៃគូពាក់ព័ន្ធ ជាពិសេសដំណោះស្រាយបច្ចេកវិទ្យា

.ប្រសិទ្ធភាពអត្ថប្រយោជន៍ដែលអាចវាស់វែងបាន និងផលជះវិជ្ជមានពីកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់ខ្លួន

៣

លោក Mike Cooke ដែលជានាយកប្រតិបត្តិ BRANDON HALL GROUP បានមានប្រសាសន៍ថា "ស្ថាប័នដែលឈ្នះពានរង្វាន់ឆ្នាំ២០២៥នេះ បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការកសាងបទពិសោធន៍ល្អក្នុងការអភិវឌ្ឍជំនាញប្រកបដោយប្រសិទ្ធភាព និងអត្ថន័យខ្លឹមសារសម្រាប់បុគ្គលិក ហើយអ្វីដែលកាន់តែពិសេសជាងនេះគឺការផ្ដល់ដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ និងកម្មវិធីអភិវឌ្ឍន៍ជំនាញដែលភាពច្នៃប្រឌិតក្នុងការបង្កើនធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងគុណភាព"។

 

ជាមួយគ្នានោះដែរ លោកស្រី Rachel Cooke ដែលជាប្រធានប្រតិបត្តិការនៃ BRANDON HALL GROUP និងជាអ្នកដឹកនាំកម្មវិធី HCM EXCELLENCE AWARDS បានបញ្ជាក់បន្ថែមថា តាមរយៈការវាយតម្លៃដ៏ល្អិតល្អន់និងយ៉ាងម៉ត់ចត់នេះ ត្រូវបានចាត់ទុកជាគំរូនៃឧត្តមានុវត្តន៍ និងភាពច្នៃប្រឌិតខ្ពស់របស់ស្ថាប័ន ក្នុងការកសាងធនធានមនុស្ស។

 

សម្រាប់មេដាយប្រាក់ដែល SDF ទទួលបាននាពេលនេះក៏កំពុងបង្ហាញពីគំរូល្អមួយក្នុងការអភិវឌ្ឍជំនាញបុគ្គលិករបស់វិស័យឯកជនប្រកបដោយគុណភាពនិងប្រសិទ្ធភាព ដែលបានឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់ភាពជាដៃគូរវាងវិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលក្នុងការរួមគ្នាពង្រឹងនិងពង្រីកធនធានមនុស្សទាំងបរិមាណនិងគុណភាពផងដែរ។

២

យ៉ាងណាមិញ សមិទ្ធផលថ្មីនេះក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ SDF ដែលបាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូយុទ្ធសាស្ត្រក្នុងតំបន់ តួយ៉ាងដូចជា ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បានធ្វើការចែករំលែកនូវចំណេះដឹង បទពិសោធន៍ល្អៗនិងគំនិតច្នៃប្រឌិតថ្មីៗជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍជំនាញបង្កើនធនធានមនុស្សប្រកបដោយចំណេះជំនាញសមត្ថភាពនិងឥរិយាបទល្អ ដែលនេះធនធានដ៏ចាំបាច់បំផុតក្នុងការចូលរួមសម្រេចចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់។

 

គូសបញ្ជាក់ថា BRANDON HALL GROUP គឺជាក្រុមហ៊ុនដែលផ្តល់ទិន្នន័យ ការស្រាវជ្រាវ និងជាក្រុមហ៊ុនវិភាគឯករាជ្យមួយដែលបានបង្កើតគំនិតផ្តួចផ្តើមដ៏ល្បីមួយគឺពានរង្វាន់ Human Capital Management (HCM) Excellence Award ដែលទទួលស្គាល់កម្រិតអន្តរជាតិក្នុងការកសាង និងការអភិវឌ្ឍធនធានមនុស្សផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia