ចង់រៀននៅបរទេសទេ? អតីតសិស្សនិទ្ទេស A ប្រាប់ឲ្យត្រៀមរឿង៤នេះ បើចង់បានអាហារូប.ករណ៍ ទៅរៀនក្រៅប្រទេស
Kan DaraAUGUST 20 2025144 views

នៅសល់ត្រឹម ៨ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) នឹងឈានចូលមកដល់។ រឿងសំខាន់បន្ទាប់ដែលសិស្ស-និស្សិតត្រូវធ្វើនោះគឺ ស្វែងរកសាលា ឬឱកាសទទួលបានអាហារូបករណ៍ផ្សេងៗដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

ជុំវិញរឿងនេះ ក្នុងបទសម្ភាសន៍ជា Business Cambodia លោក ពុធ ភារិទ្ធ អតីតសិស្សនិទ្ទេស A ឆ្នាំ ២០១៧ និងជានិស្សិតជាប់អាហារូបករណ៍១០០% ពីសាលា Zhe Jiang University ក្នុងទឹកដីនៃសាធារណរដ្ឋប្រជាមានិតចិន បានចែករំលែកនូវគន្លឹះធំៗ៤ ដើម្បីមានឱកាសចាប់យកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស៖

/. និទ្ទេស

អតីតសិស្សនិទ្ទេសA រូបនេះលើកឡើងថា៖ «កម្រិតនិទ្ទេស ឬមធ្យមភាគលទ្ធផលនៃការប្រឡងក៏ជាផ្នែកមួយមានអាទិភាពខ្ពស់សម្រាប់ឱកាសទទួលបានអាហារូបករណ៍ផងដែរ»។ ប្រសិនបើអ្នកទទួលបាននិទ្ទេសល្អ នោះលទ្ធភាពក្នុងការជាប់ក៏មានកម្រិតខ្ពស់ដូចគ្នា និងមានជម្រើសច្រើន។ ប៉ុន្តែបើនិទ្ទេសមិនសូវល្អក៏មិនថ្វីដែរ អ្នកអាចសំឡឹងមើលឱកាសអាហារូបករណ៍ផ្សេងទៀតទៅតាមលទ្ធភាពនឹងលក្ខខណ្ឌដែលខ្លួនអាចបំពេញបាន។

 

/. ព័ត៌មាន

 

មុនជិតដល់ពេល និងក្រោយពេលប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានសាលាជាច្រើនមិនថាក្នុងស្រុកឬក្រៅស្រុក ស្ថាប័នឯកជនឬរដ្ឋនោះទេ បានប្រកាសផ្តល់អាហារូបករណ៍ជាហូរហៀរតាមរយៈការផ្សព្វផ្សាយនៅលើហ្វេសបុកផេក ឬខិតបណ្ណផ្សេងៗ។ យុវជន ពុធ ភារិទ្ធ បានបញ្ជាក់។

 

ដូច្នេះព័ត៌មានគឺជារឿងចំបាច់មួយដែលអ្នកត្រូវធ្វើការសិក្សា និងស្វែងរកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ស្វែងយល់ស៊ីជម្រៅពាក់ព័ន្ធជាមួយសាលាដែលអ្នកចង់ទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សានៅទីនោះ។ ធ្វើការប្រៀបធៀបព័ត៌មាន និងលក្ខខណ្ឌផ្សេងៗ ថាតើអ្នកមានភាពសមស្របទៅនឹងបរិយាកាសនោះគ្រប់គ្រាន់ឬទេ។

 

/. មុខវិជ្ជាត្រូវប្រឡង

 

អាហារូបករណ៍ខ្លះទាមទារឲ្យធ្វើតេស្តប្រឡងដើម្បីធ្វើការស្ទាបស្ទង់ពីសមត្ថភាពក្នុងកម្រិតមួយ ដែលធានាបានថាបេក្ខជនអាចមានលទ្ធភាពចាប់បាន និងបន្តការសិក្សារៀនសូត្រជាមួយអាហារូបករណ៍ដែលគេផ្តល់ឲ្យ។ ឬម្យ៉ាងវិញទៀត ការផ្តល់អាហារូបករណ៍មានចំនួនកំណត់ដែលទាមទារត្រូវធ្វើការសំរិតសម្រាំងបេក្ខជនតាមរយៈការប្រឡងជម្រុះ។ ប្រសិនបើអាហារូបករណ៍មានចំនួន ១២០កន្លែង នោះបេក្ខជនដែលត្រូវទទួលបានអាហារូបករណ៍នេះមាន ១២០នាក់ដូចគ្នា។ 

 

ចំពោះមុខវិទ្យាដែលត្រូវប្រឡងវិញ គឺអាស្រ័យទៅលើជំនាញនៃអាហារូបករណ៍នោះ ឬកំណត់ដោយអ្នកផ្តល់អាហារូបករណ៍ផ្ទាល់។ ជាក់ស្តែងតាមការលើកឡើងរបស់លោក ពុធ ភារិទ្ធ អតីតសិស្សនិទ្ទេស A ឆ្នាំ ២០១៧ និងជានិស្សិតជាប់អាហារូបករណ៍ ១០០% ពីសាលាZhe Jiang University ក្នុងទឹកដីនៃប្រទេសចិន បានថ្លែងប្រាប់ Business Cambodia ថា លោកត្រូវប្រឡងមុខវិទ្យាគណិតវិទ្យា និងភាសាអង់គ្លេស សម្រាប់អាហារូបករណ៍នេះ។

 

/. ភាសា និងការរស់នៅ

 

ស្របជាមួយគ្នានេះដែរ ភាសាក្នុងការទំនាក់ទំនងក៏ជាបញ្ហាចោទមួយសម្រាប់សិស្សនិស្សិតដែលបន្តការសិក្សានៅក្រៅប្រទេសផងដែរ។ ប្រសិនបើអ្នកចេះប្រើប្រាស់ភាសាក្នុងតំបន់ដែលអ្នកនឹងត្រូវផ្ញើខ្លួនសិក្សានៅទីនោះកាន់តែល្អ វាអាចបង្កភាពងាយស្រួលដល់អ្នក និងមិនចំណាយពេលសិក្សាភាសានោះទៀតទេ ព្រោះជាធម្មតា បើអ្នកមិនចេះភាសាក្នុងតំបន់ ឬប្រទេសដែលអ្នកនឹងត្រូវបន្តការសិក្សាទេនោះ អ្នកនឹងត្រូវចំណាយពេល ១ឆ្នាំ ដើម្បីរៀនពីវា ហើយសកម្មភាពរស់នៅប្រចាំថ្ងៃនឹងជួបការលំបាកជាក់ជាមិនខាន។

 

ក្នុងនោះអ្នកក៏ត្រូវដឹងផងដែរ​ ពីរបៀរបបនៃការរស់នៅ និងសកម្មភាពផ្សេងៗដើម្បីត្រៀមខ្លួន និងសម្របខ្លួនរួចជាស្រេចមុនពេលដែលអ្នកបន្តការសិក្សានៅទីនោះ ចៀសវាងប្រឈមជាមួយបញ្ហាផ្សេងៗ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia