សល់តែប៉ុន្មានថ្ងៃទៀតទេ ឆ្នាំ២០២៥នឹងមកដល់ ហើយបើនិយាយរឿងលុយកាក់នៅក្នុងឆ្នាំថ្មី គួរគិតគូផ្លាស់ប្ដូរទម្លាប់ចាយលុយជាពិសេសត្រូវចាប់ផ្ដើមរៀនសន្សំលុយដើម្បីសល់លុយហើយរស់នៅមិនរងសម្ពាធនៃលុយកាក់។
ទាក់ទងនឹងលុយកាក់នេះដែរ ខាងក្រោមនេះគឺជាការចែករំលែករបស់សេដ្ឋីជំនាញផ្នែកហិរញ្ញវត្ថុចំនួន៤ប្រាប់ពីក្បួនសន្សំលុយដើម្បីសល់លុយកាន់តែច្រើននៅឆ្នាំ២០២៥ខាងមុខ។
១. សេដ្ឋី Suze Orman
លោកស្រី Suze Orman ថាអ្នកត្រូវតែរស់នៅឲ្យក្រោមលទ្ធភាពរបស់អ្នកបើអ្នកចង់សល់លុយហើយអនាគតឆាប់ធូរធារ។ ការរស់នៅក្រោមលទ្ធភាព ( Living below your mean) មានន័យថាអ្នកត្រូវចាយឲ្យតិចជាងចំណូល។ ឧទាហរណ៍បើមួយខែអ្នករកចំណូលបាន៥០០ដុល្លារ អ្នកត្រូវចាយតិចជាង៥០០ដុល្លារ ដើម្បីសល់លុយហើយប្រើប្រាស់លុយដែលសល់ធ្វើជាលុយបម្រុងទុកពេលមានអាសន្ននិងជាទុនរកស៊ីឬវិនិយោគជាដើម។
២. សេដ្ឋី Dave Ramsey
នៅក្នុងឆ្នាំ២០២៥ លោក Dave Ramsey បានណែនាំឲ្យសន្សំលុយបម្រុងទុកពេលមានអាសន្នសម្រាប់ផ្គត់ផ្គង់ការរស់នៅឲ្យបានពី៣ទៅ៦ខែ។ ឧទាហរណ៍បើការរស់នៅរបស់អ្នកមួយខែចំណាយ៥០០ដុល្លារ អ្នកគួរមានលុយបម្រុងទុកសម្រាប់ចំណាយក្នុងការស់នៅឲ្យបានពី១៥០០ទៅ៣០០០ដុល្លារ។ លុយបម្រុងទុនពេលមានអាសន្នគឺជួយអ្នកបានច្រើន។ ឧទាហរណ៍បើអ្នកបាត់បង់ការងារឬឈឺថ្កាត់ អ្នកអាចយកលុយបម្រុងទុកមកផ្គត់ផ្គង់បាន។
៣. សេដ្ឋី Ramit Seithi
សេដ្ឋី Ramit Seithi បានលើកឡើងថាដើម្បីសន្សំលុយបានច្រើនដោយមិនលះបង់អ្វីដែលអ្នកស្រលាញ់គឺអ្នកត្រូវកាត់ចំណាយដែលអ្នកមិនត្រូវការឬចំណាយមិនចាំបាច់។ លើសពីនេះលោកថាក្បួនសាមញ្ញក្នុងការសន្សំលុយគឺត្រូវតែចាយលុយតិចជាងចំណូល។
៤. សេដ្ឋី Kevin O’Leary
សេដ្ឋី Kevin O’Leary បានលាតត្រដាងផ្លូវចំនួន២ក្នុងការកសាងភាពមានបានគឺទី១ ឈប់ទិញរបស់ដែលអ្នកមិនត្រូវការហើយទី២គឺវិនិយោគរយៈពេលវែង។ សេដ្ឋីរូបនេះបានបន្ថែមទៀតថា វិធីដែលធ្វើឲ្យការវិនិយោគរបស់លោកទៅមុខហើយកើនទ្រព្យជាលំដាប់នោះគឺរាល់ពេលដែលលោកចង់ទិញអ្វីមួយ លោកតែងតែសួរខ្លួនឯងថាតើវាចាំបាច់ទេ? បើរបស់នោះមិនចាំបាច់ទេ លោកទុកលុយវិនិយោគដែលធ្វើឲ្យលោករកលុយបានជារៀងរាល់ឆ្នាំខណៈលោកកំពុងដេក។