ជាដំណឹងរីករាយមួយសម្រាប់អ្នកខេត្ដតាមកែវ និងខេត្ដកំពង់ស្ពឺ ខណៈក្រុមហ៊ុនធំរបស់ប្រទេសចិនបានសម្រេចជ្រើសរើសខេត្ដសក្ដានុពលរបស់កម្ពុជាទាំង ២ នេះ ដើម្បីធ្វើការវិនិយោគសាងសង់រោងចក្ររបស់ខ្លួន។ ដោយការវិនិយោគនេះគឺមានទុនសរុបរាប់ពាន់លានដុល្លារ និងរំពឹងអាចបង្កើតឱកាសការងារជាច្រើនជូនពលរដ្ឋផងដែរ។
១. ខេត្ដកំពង់ស្ពឺ
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តកំពង់ស្ពឺ ចូលរួមទស្សនកិច្ច ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ Agile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltd នៅទីស្នាក់ការក្រុមហ៊ុនកណ្តាលទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងដំណើរទស្សនកិច្ចនេះផងដែរសម្រាប់ខេត្តកំពង់ស្ពឺ ទទួលបាននូវទុនវិនិយោគប្រមាណ ២,០០០លានដុល្លារ ក្នុងដើមឆ្នាំ ២០២៥ ចូលមកកាន់ខេត្តកំពង់ស្ពឺ តាមរយៈសម្ព័ន្ធអ្នកវិនិយោគសារធារណៈរដ្ឋប្រជាមានិតចិន។
២. ខេត្ដតាកែវ
បើតាមការតាមការបញ្ជាក់ពី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ដតាកែវ បានឲ្យដឹងថា ក្រុមហ៊ុនយីតា (YITA) ដែលមានទីតាំងស្ថិតនៅក្រុងក្វាងចូវ ខេត្ដហ្វូជៀន គ្រោងនឹងចុះពិនិត្យសិក្សាទីតាំងសាងសង់រោងចក្រស្បែកជើងដ៏ធំមួយ នៅទឹកដីខេត្តតាកែវក្នុងពេលឆាប់ៗខាងមុខនេះ។
គម្រោងសាងសង់រោងចក្រខាងលើត្រូវបានបញ្ជាក់ នៅក្នុងពេលដែលប្រតិភូខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុនយីតា (YITA) និងទស្សនកិច្ចខ្សែសង្វាក់ផលិតកម្ម ស្បែកជើង ស្ថិតនៅក្រុងក្វាងចូវ (Quanzhou) ខេត្ដហ្វូជៀន (Fujian) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ៕