កាលពីថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២៤ កន្លងទៅនេះ នៅផ្សារទំនើបឈានមុខគេមួយនៅកម្ពុជាគឺ ផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ បានប្រារព្ធពិធីសម្ពោធនូវហាងទំនើបរបស់ក្រុមហ៊ុន ក្ស Samsung (Samsung Premium Store) ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ គីម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និង លោក Mike Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា។
ក្នុងកិច្ចចាប់ផ្ដើមនៃកម្មវិធី លោក ជំទាវ គីម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង បានមានប្រសាសន៍ស្វាគមន៍ព្រមទាំងសម្ដែងសេចក្ដីសោមន្សរីករាយនៃការបើកសម្ពោធ ដោយលើកឡើងថាវត្តមាននៃហាងទំនើបរបស់ក្រុមហ៊ុន Samsung នឹងផ្ដល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់អ្នកមកផ្សារជីប ម៉ុង មេហ្គាម៉ល ២៧១ អាចស្វែងយល់បន្ថែមពីផលិតផលរបស់ក្រុមហ៊ុន Samsung ព្រមទាំងសាកល្បងជាមួយនឹងមុខងារបច្ចេកវិទ្យាទំនើបចុងក្រោយផ្សេងៗ ជាពិសេសបច្ចេកវិទ្យា AI ដែលមាននៅលើផលិតផល Samsung ផ្ទាល់តែម្ដង។
ជាមួយគ្នានេះ លោក Mike Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ ““ទន្ទឹមនឹងការពង្រីក វិសាលភាពនេះ ក្រុមហ៊ុនសាមសុង ក៏កំពុងតែពង្រឹងការដុសខាត់លើគ្រប់ផលិតផលទាំង អស់ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ និង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ហើយក្រុមហ៊ុន សាមសុង ក៏មិនភ្លេចនោះដែរ ដល់ដៃគូសហការ តំណាងចែកចាយតូចធំ នៅទូទាំងប្រទេសកម្ពុជា ដែលតែងតែរក្សា ភាពស្មោះត្រង់ឥតងាករេ ជាពិសេស ការគាំទ្រពីអតិថិជនជាទីស្រលាញ់ទាំងអស់តែម្ដង” ។
ចំពោះទីតាំងហាងថ្មីរបស់ក្រុមហ៊ុន Samsung នេះ គេឃើញមានដាក់តាំងនូវផលិតផលជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយនេះ ដូចជា ទូរស័ព្ទដៃជាច្រើនស៊េរី កាសប្លូធូស នាឡិការឆ្លាតវៃ និង ផលិតផលថ្មីៗ កំពុងពេញនិយមនៅលើទីផ្សារជាច្រើនទៀត ហើយអតិថិជនអាចមកតេស្ដសាកល្បងដោយផ្ទាល់បានទៅលើផលិតផលទាំងនោះ ជាពិសេសសាកល្បងប្រើប្រាស់ទទួលយកបទពិសោធន៍ថ្មីនៃបច្ចេកិទ្យា AI របស់ Samsung។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅ ហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី។