យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងផ្តល់ជូនការសិក្សាឥតគិតថ្លៃដល់ប្រជាជនទូទៅចំនួន៥០០០នាក់ លើ១៦០០មុខជំនាញវិជ្ជាជីវៈ តាមរយៈប្រព័ន្ធអនឡាញដែលមានរយៈពេលរៀន១ឆ្នាំពេញ។
ការសិក្សាមុខជំនាញចម្រុះគ្នាសម្រាប់ពលរដ្ឋទូទៅនេះដែរ នឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ក្នុងគេហទំព័រ www.reskills.com/register ដែលនឹងប្រើប្រាស់លេខកូដ HUNSEN4U សម្រាប់ Invitation Code លើការចុះឈ្មោះរៀន។ បងប្អូនអាចធ្វើការសិក្សារយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ ឥតគិតថ្លៃរហូតដល់១ឆ្នាំពេញ ថែមទាំងមានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាចេញពី Reskills ដែលនឹងមានការទទួលស្គាល់ដោយក្រសួងអប់រំកម្ពុជាផងដែរ។
គួរជម្រាបផងដែរថាសម្រាប់ជំនាញវិជ្ជាជីវៈ ដែលមាននៅលើគេហទំព័រនេះគឺសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅអាចចុះឈ្មោះរៀនបាន ដែលមានភាសាជាច្រើនដូចជាខ្មែរ អង់គ្លេស ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ីនិងឥណ្ឌាជាដើម ខណៈក្នុងនោះនឹងមានជំនាញគ្រប់គ្រង ជំនាញអាជីវកម្ម ជំនាញកំព្យូទ័រជាដើមក្នុងចំណោម១៦០០ជំនាញនោះ ដែលជាការផ្តល់ជូនដោយឥតគិតថ្លៃពីសំណាក់សម្តេច តេជោ ហ៊ុន សែន៕
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា
អត្ថបទដោយ៖ ពីង ជូអេង