នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសមិនបន្ដធ្វើជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាទៀតនោះទេ ដោយតំណែងមួយនេះ នឹងត្រូវប្រគល់ដល់អ្នកបន្ដវេនថ្មីឡើងកាន់ជំនួសវិញ។
យ៉ាងណាបន្ទាប់ពីឈប់ធ្វើជានាយករដ្ឋមន្ដ្រីបន្ដទៅទៀតនោះ សម្ដេចតេជោក៏នឹងត្រូវតែងតាំងធ្វើជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធាន ព្រឹទ្ធិសភា ដោយជំនួសសម្ដេចវិបុលសេនាភក្ដី សាយ ជុំ នាពេលឆាប់ៗខាងមុខនេះផងដែរ។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ពិសេសនៅមុននេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំព្រះករុណាខ្ញុំនៅតែបន្ដក្នុងមុខនាទីជាប្រធានគណបក្សកាន់អំណាច និងធ្វើជាសមាជិករដ្ឋសភា បន្ថែមលើនោះ គឺព្រះមហាក្សត្រ ព្រះអង្គទ្រង់ព្រះរាជទាន តែងតាំងខ្ញុំព្រះករុណាខ្ញុំជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅក្រោយពេលដែលខ្ញុំព្រះករុណាខ្ញុំចាកចេញពីនាយករដ្ឋមន្ដ្រី”។
សម្ដេចមានប្រសាសន៍បន្ដថា “នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺនឹងមានការបោះឆ្នោតព្រឹទ្ធសភា ពេលនោះខ្ញុំព្រះករុណាខ្ញុំនឹងទៅឈរឈ្មោះជាសមាជិកព្រឹទ្ធសភា។ ហើយតាមការគ្រោងទុក របស់គណបក្ស គឺខ្ញុំព្រករុណាខ្ញុំ នឹងក្លាយខ្លួនទៅជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេច សាយ ឈុំ ដែលគាត់មានអាយុច្រើន ហើយចង់ឈប់សម្រាក”។