ថ្លែងនៅក្នុងកម្មវិធី ជួបសំណេះសំណាលជាមួយនឹងកម្មករ កម្មការីប្រមាណ ៦៨៦៨ នាក់ ដែលមកពីរោងចក្រនឹងសហគ្រាសចំនួន ១០ នៅក្នុងខេត្តពោធិ៍សាត់កាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៣ នេះពិធីបុណ្យធំៗ២ គឺពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ព្រមទាំងបុណ្យឯករាជ្យនឹងធ្វើឱ្យធំជាងរាល់ឆ្នាំ។
សម្តេចតេជោ បានបន្តទៀតថា បន្ទាប់ពីខកខានធ្វើពិធីបុណ្យអុំទូកដោយសារតែជាប់ប្រជុំអាស៊ាន ដូច្នេះនៅក្នុងឆ្នាំនេះសម្តេចបានផ្តាំទៅដល់អ្នកអុំទូកឱ្យត្រៀមទូកប្រណាំងទូទាំងប្រទេស ហើយពិធីបុណ្យនេះនឹងរៀបចំការប្រណាំងទូកឱ្យធំនៅរាជធានីភ្នំពេញហើយសម្រាប់ពិធីបុណ្យឯករាជ្យជាតិវិញ ក៏នឹងត្រូវរៀបចំឱ្យធំជាងមុនដែរ ព្រោះជាគម្រប់ខួប ៧០ឆ្នាំ។
បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅឆ្នាំនេះ ស៊ីហ្គេមក៏ធំ ប៉ារ៉ាហ្គេមក៏ធំ អង្គរសង្រ្កានក៏ធំ បុណ្យឯករាជ្យជាតិត្រូវតែធំ ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក៏ត្រូវតែធំឱ្យព្រមគ្នាតែម្តងផងដែរ៕
អត្ថបទ៖ ធី ស្រីល័ក្ខ