កាលពីពេលថ្មីៗនេះ មានរឿងដ៏ល្បីកក្រើកមួយក្នុងពិភពគ្រីបតូ ដែលមហាសេដ្ឋីវ័យក្មេង Sam Bankman-Fried ដែលត្រូវបានគេស្គាល់ថាជា CEO ក្រុមហ៊ុនជួញដូរលុយគ្រីបតូឈ្មោះ FTX បានបាត់បង់ទ្រព្យសម្បត្តិរហូតដល់ទៅ៩៤% ដែលគិតជាសាច់ប្រាក់គឺស្មើនឹង ១៥ពាន់លានដុល្លារ ខណៈពេលដែលលោកត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិសរុប ១៦ពាន់លានដុល្លារ។
ចំពោះមូលហេតុដែលធ្វើឱ្យលោករលាយទ្រព្យស្ទើរអស់ពីខ្លួនបែបនេះ ដោយសារតែក្រុមហ៊ុន FTX របស់លោកបានមានបញ្ហាហិរញ្ញវត្ថុ រហូតធ្វើឱ្យថ្នាក់ដឹកនាំ សម្រេចចិត្តលក់ក្រុមហ៊ុននេះ ឱ្យទៅក្រុមហ៊ុន Binance ដែលត្រូវបានគេស្គាល់ថាជាវេទិកាជួញដូរគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក ហើយក៏ជាដៃគូប្រជែងរបស់ FTX។
ទាក់ទិននឹងតម្លៃនៃកិច្ចព្រមព្រៀងទិញលក់ក្នុងតម្លៃប៉ុន្មាន មិនត្រូវបានគេបង្ហើបជាសាធារណៈនោះទេ ប៉ុន្តែដំណឹងទិញលក់នេះ បានធ្វើឱ្យប៉ះពាល់ដល់តម្លៃក្រុមហ៊ុន និងការទិញលក់របស់អ្នកវិនិយោគនានាយ៉ាងគំហុក។
កាលពីថ្ងៃអង្គារ នាយកប្រតិបត្តិវ័យ៣០ឆ្នាំរូបនេះបានប្រកាសថា FTX របស់គាត់កំពុងត្រូវបានលក់ទៅឱ្យក្រុមហ៊ុនគូប្រជែង Binance ដើម្បីបន្ធូរបន្ថយបញ្ហាសាច់ប្រាក់ដ៏ធ្ងន់ធ្ងរ។ ភាគហ៊ុន ៥៣% របស់ Bankman-Fried នៅក្នុង FTX មានតម្លៃ ៦.២ ពាន់លានដុល្លារ ខណៈដែលទ្រព្យសម្បត្តិរបស់គាត់ ៧.៤ ពាន់លានដុល្លារផ្សេងទៀត បានមកពីផ្ទះជួញដូរគ្រីបតូរបស់គាត់ និង Alameda Research។
មេរៀនដែលយើងអាចរៀនសូត្រពីបទពិសោធន៍ដ៏ឈឺចាប់ និងគួរឱ្យតក់ស្លុតរបស់ មហាសេដ្ឋីវ័យក្មេង Sam Bankman-Fried គឺ៖ ការស្វែងរកភាពជោគជ័យអាចជារឿងលំបាក ប៉ុន្តែការបន្តរក្សាភាពជោគជ័យឱ្យយូរអង្វែង គឺរឹតតែពិបាក និងមិនគួរមើលរំលង ឬប្រហែសភ្លេចខ្លួននោះទេ។ មួយវិញទៀតក្នុងនាមជាសហគ្រិន អ្នកគប្បីត្រូវត្រៀមចិត្តទទួលយកភាពបរាជ័យ ដែលកើតចេញពីរឿងដែលហួសពីការស្មានរបស់អ្នកគ្រប់ពេលវេលាជានិច្ច៕