ការរកលុយឱ្យបាន១លានដុល្លារក្នុងរយៈពេល១២ខែ គឺជារឿងដែលមនុស្សភាគច្រើនគិតថាលំបាកខ្លាំង ឬជារឿងដែលទៅមិនរួច។ ប៉ុន្តែសម្រាប់លោក Ryan D. Moran ដែលជាអ្នកនិពន្ធសៀវភៅ១ក្បាលចំណងជើងថា 12 Month to $1 Million ឬ ១២ខែដើម្បីរកលុយឱ្យបាន១លានដុល្លារ បានបង្ហាញនូវគន្លឹះធំៗមួយចំនួន ដើម្បីអាចរកលុយឱ្យបានខ្ទង់លានដុល្លារ ដោយចាយពេលត្រឹម១ឆ្នាំ។ ខាងក្រោមនេះគឺជាជំហានធំៗមួយចំនួន ដែលលោកណែនាំ ដើម្បីសម្រេចបានគោលដៅមួយនេះ។
១. កំណត់អតិថិជនគោលដៅឱ្យបានច្បាស់លាស់
នៅក្នុងជំហានដំបូងនេះ គឺត្រូវកំណត់អតិថិជនគោលដៅឱ្យបានច្បាស់លាស់ ដើម្បីអាចដឹងអំពីបញ្ហា និងអាចកំណត់បានថាតើផលិតផលបែបណា ដែលអតិថិជនគោលដៅកំពុងមានតម្រូវការខ្លាំង។ ដើម្បីអាចរកឱ្យឃើញអតិថិជនគោលដៅ គឺត្រូវធ្វើការគិតវិភាគ និងស្រាវជ្រាវឱ្យបានទូលំទូលាយ។
២. អភិវឌ្ឍន៍ផលិតផលសម្រាប់លក់
ក្នុងជំហានទី២នេះ លោកបានលើកទឹកចិត្តឱ្យផ្ដោតលើការបង្កើត និងអភិវឌ្ឍន៍ផលិតផល ដើម្បីឱ្យត្រូវជាមួយនឹងអតិថិជនគោលដៅ។ ចំពោះការបង្កើត ឬការអភិវឌ្ឍផលិតផល គឺត្រូវធ្វើការស្រាវជ្រាវអំពីតម្រូវការអតិថិជន ការស្វែងរកក្រុមហ៊ុនរោងចក្រសហគ្រាសដែលអាចផលិតផលិតផលដូចអ្វីដែលអ្នកចង់បាន និងបន្តកែច្នៃវាឱ្យកាន់តែល្អប្រសើរជានិច្ច។ ចំពោះការលក់ផលិតផល លោកណែនាំថាគួរតែធ្វើពី ៣ ទៅ៥ផលិតផល ដើម្បីអាចសម្រេចគោលដៅ១លានដុល្លារ។
៣. រៀបចំគម្រោងសម្រាប់ប្រមូលទុនវិនិយោគ
ប្រសិនបើចង់រកស៊ីជំនួញធំ ជៀសមិនផុតពីការប្រមូលទុនពីប្រភពខាងក្រៅបន្ថែមនោះទេ ដើម្បីដំណើរការអាជីវកម្មឱ្យកាន់តែធំឡើងៗ។ ចំពោះប្រភពទុនអាចមានច្រើនដូចជា ទុនផ្ទាល់ខ្លួន ទុនពីអ្នកវិនិយោគ ទុនពីហ្វូងមនុស្សដែលចាប់អារម្មណ៍លើអាជីវកម្មអ្នក ការខ្ចីទុនពីធនាគារជាដើម។
៤. ប្រើប្រាស់ឆាណែលសំខាន់ៗដើម្បីផ្សព្វផ្សាយផលិតផលទៅដល់អតិថិជនគោលដៅ
ត្រង់ចំណុចនេះគឺសម្ដៅទៅលើការរៀបចំនូវយុទ្ធសាស្ត្រធំៗ ដើម្បីអាចបើកលក់ផលិតផលជាផ្លូវការ និងអាចផ្សព្វផ្សាយឱ្យអតិថិជនស្គាល់ ជឿជាក់ទុកចិត្ត និងឈានទៅដល់ការទិញយកមកប្រើប្រាស់ជាដើម។ ក្នុងសម័យឌីជីថល អាចប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក តីកតុក យូធូប តេឡេក្រាម ឬការប្រើប្រាស់បុគ្គលដែលមានឥទ្ធិពលដើម្បីផ្សព្វផ្សាយក៏ជាជម្រើសមួយល្អ។
៥. ផ្ដោតលើការលក់ផលិតផលតម្លៃ៣០ដុល្លារឱ្យបាន២៥យូនីតក្នុង១ថ្ងៃ
ប្រសិនបើចង់រកលុយឱ្យបាន១លានដុល្លារក្នុង១ឆ្នាំ លោកមិនបានណែនាំឱ្យលក់ផលិតផលថោកៗនោះទេ ប៉ុន្តែត្រូវលក់ផលិតផលតម្លៃ៣០ដុល្លារ ហើយលក់ផលិផលចំនួន ៣ ទៅ៥មុខ ហើយមួយមុខៗលក់ឱ្យបាន២៥យូនីត នោះចុងក្រោយអ្នកនឹងអាចសម្រេចគោលដៅ១លានដុល្លារបាន។ ជាឧទាហរណ៍ ប្រសិនបើអ្នកលក់ផលិតផល ៤មុខ មួយមុខៗតម្លៃ៣០ដុល្លារ នោះផលិតផល៤មុខមានតម្លៃសរុប ១២០ដុល្លារ ហើយយកវាគុណនឹង២៥យូនីតក្នុង១ថ្ងៃ នោះមានន័យថា១ថ្ងៃអ្នកអាចរកចំណូលបាន៣០០០ដុល្លារ។
១ថ្ងៃរកបាន៣ពាន់ដុល្លារ ដូច្នេះ១ខែអាចរកបានខ្ទង់៩ម៉ឺនដុល្លារ ហើយ១២ខែអាចរកបាន ១លាន៨ម៉ឺនដុល្លារឯនោះ។ នេះហើយជាផ្លូវដែលលោកណែនាំសម្រាប់ផ្លូវឆ្ពោះទៅរកចំណូលឱ្យបាន១លានដុល្លារ។
ជាសង្ខេបមកវិញ ពិតណាស់ដែលថា ការធ្វើតែងពិបាកជាងការនិយាយ ប៉ុន្តែគំនិតនេះហើយ ដែលជាដើមហេតុដំបូងនាំឱ្យលទ្ធផលមកតាមក្រោយ។ ប្រសិនបើយើងមិនដឹងផ្លូវ មិនមានគំនិតទេ កុំថាឡើយលុយខ្ទង់១លានដុល្លារ សូម្បីតែ១ម៉ឺនដុល្លារ ក៏រកមិនបានផង។ ដូច្នេះ បើសិនជាអ្នកមានគំនិតវិជ្ជមានលើអ្វីដែលលោកបានចែករំលែក អ្នកអាចសាកយកគំនិតលោកទៅអនុវត្ត ឬកែច្នៃបន្ថែមឱ្យត្រូវនឹងអ្នក ដើម្បីអាចរកឃើញផ្លូវកសាងអាជីវកម្មចំណូល១លានដុល្លារបាន៕
ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9