កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ខ្សែប្រយុទ្ធនៃក្រុមបាល់ទាត់ Manchester United វ័យ ៣៧ ឆ្នាំលោក Cristiano Ronaldo បានទិញដីដ៏ធំមួយនៅ Quinta da Marinha រដ្ឋ Cascais នៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសកំណើតព័រទុយហ្គាល់របស់ខ្លួន ខណៈដីដែលលោកបានទិញគឺជាទីតាំងដ៏ល្បីល្បាញ និងមានតម្លៃថ្លៃមិនធម្មតា។
យោងតាមការចុះផ្សាយពីគេហៈទំព័រ Mail online នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ អតីតតារាឆ្នើមរបស់ក្លឹប Real Madrid និង Juventus រូបនេះ ដើមឡើយបានទុកប្រាក់ចំនួន ១២ លានដុល្លារសម្រាប់ការសាងសង់ផ្ទះ ប៉ុន្តែតួលេខនេះបានកើនឡើង ដោយសារតែការកើនឡើងនៃតម្លៃសម្ភារ និងមហិច្ឆតារបស់ Ronaldo ដែលចង់បានផ្ទះដល់ល្អឥតខ្ចោះ ។ ប៉ុន្តែខណៈពេលនេះកីឡាករដ៏ល្បីរូបនេះត្រូវចំណាយទឹកប្រាក់សរុប ១៧ លានដុល្លារក្នុងការសាងសង់ផ្ទះក្នុងក្ដីស្រមៃរបស់ខ្លួន។
បើយោងតាមគេហទំព័របរទេសមួយបានឱ្យដឹងថាគោលបំណងដល់ធំក្នុងការទិញផ្ទះនេះក៏ព្រោះតែគាត់ចង់រស់នៅជាមួយគ្រួសារនៅពេលដែលខ្លួនចូលនិវត្តន៍ពីវិស័យបាល់ទាត់។
សូមជម្រាបថា កន្លងមកតារាបាល់ទាត់ល្បីឈ្មោះរូបនេះ បានចំណាយថវិកាផ្ទាល់ទិញផ្ទះប្រណិតៗជាច្រើនកន្លែងដូចជា នៅទីក្រុង Turin ប្រទេសអ៊ីតាលី ផ្ទះនៅទីក្រុង Madrid ប្រទេសអេស្ប៉ាយ និងផ្ទះតម្លៃ ៦.៥ លានដុល្លារនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាលជាដើម។
ហើយផ្ទះថ្មីនេះផងដែរ គឺជាទ្រព្យសម្បត្តិថ្មីមួយទៀត ដែលរកបានក្នុងវិស័យកីឡាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ហើយបើតាមការគ្រោងទុកការសាងសង់ត្រូវបានរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំក្រោយ៕
អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ