ស្ងាត់ៗ Robert Kiyosaki ជាប់បំណុលជាង១ពាន់លាន$ តើសេដ្ឋីរូបនេះមានកំពុងមានបំណុលល្អឬអាក្រក់?
Toeuy HongJANUARY 8 2024663 views

បើនិយាយពីសេដ្ឋី Robert Kiyosaki ប្រជាជនកម្ពុជាយើងមួយចំនួនប្រហែលជាស្គាល់ហើយព្រោះលោកជាអ្នកនិពន្ធសៀវភៅRich Dad Poor Dad ក៏ល្បីហើយក៏មានប្រជាជនខ្មែរយើងជាច្រើនបានអានសៀវភៅនេះដើម្បីស្វែងយល់ពីចំណេះហិរញ្ញវត្ថុនិងការកសាងទ្រព្យក្នុងជីវិត។

 

កាលពីពេលថ្មីៗនេះនៅក្នុង Instagram Reel នៃកម្មវិធីPodcast មួយដែលមានចំណងជើងថា” Disruptors” លោកបានបង្ហើបឲ្យដឹងថាលោកមានបំណុលជាប់ខ្លួនជាង១ពាន់លានដុល្លារ។ តើបំណុលរបស់សេដ្ឋីអ្នកនិពន្ធរូបនេះជាបំណុលអាក្រក់ឬបំណុលល្អ។

 

 ជុំវិញបំណុលដែលលោកមានចំនួន១.២ពាន់លានដុល្លារនេះ លោក Robert Kiyosaki បាននិយាយនៅក្នុង Instagram Reelថា” បើខ្ញុំក្ស័យធន ធនាគារក៏ក្ស័យធនដូចគ្នា ដូច្នេះបំណុលជាង១ពាន់លានដុល្លារនេះមិនមានជាបញ្ហាចោទសម្រាប់ខ្ញុំឡើយ”។

 

 លោកបានបង្ហើបទៀតថាបំណុលជាង១ពាន់លានដុល្លារតែមិនមែនជាបញ្ហាសម្រាប់គាត់ព្រោះបំណុលទាំងនោះត្រូវបានប្រើប្រាស់ទិញទ្រព្យដូច្នេះវាជាបំណុលល្អពោលគឺបំណុលដែលអាចឲ្យលោកប្រើប្រាស់ក្នុងការបង្កើនទ្រព្យទៅវិញទេ។

 

 តាមពិតទៅសេដ្ឋី Robert Kiyosaki គឺជាបុគ្គលម្នាក់ដែលបានពន្យល់មនុស្សជាច្រើននៅលើពិភពលោកដើម្បីកុំឲ្យយល់ច្រឡំរវាងបំណុលល្អនិងបំណុលអាក្រក់។ ជាក់ស្ដែងនៅក្នុងសៀវភៅ Rich Dad Poor Dad គឺបានពន្យល់ថា បំណុលល្អគឺជារបស់ទាំងឡាយណាដែលវាអាចបង្កើតជាប្រាក់ចំណូលចូលហោប៉ៅរបស់អ្នក។ ចំណែកបំណុលអាក្រក់គឺជារបស់ទាំងឡាយណាដែលធ្វើឲ្យអ្នកចំណាយលុយលើវានិងធ្វើឲ្យអ្នកកាន់តែអស់លុយថែមទៀត។

 

ជាក់ស្ដែងមនុស្សជាច្រើនតែងយល់ច្រឡំថាផ្ទះគឺជាទ្រព្យ ប៉ុន្ដែលោកបានពន្យល់ថាផ្ទះគឺជាបំណុលបើវាមិនអាចបង្កើតជាប្រាក់ចំណូលសម្រាប់អ្នក។

 

 គួរបញ្ជាក់ផងដែរថាសេដ្ឋី Robert Kiyosaki  គឺជាសេដ្ឋីអ្នកនិពន្ធផង ជាសហគ្រិនផងនិងជាអ្នកវិនិយោគផងដែរ។ ចំណែកសៀវភៅ Rich Dad Poor Dad ដែលបានបោះពុម្ពផ្សាយដំបូងនៅឆ្នាំ១៩៩៧គឺជាសៀវភៅហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលលក់ដាច់បំផុតហើយត្រូវបានលក់ចេញលើទីផ្សារទីទាំងពិភពលោកប្រមាណ៤០លានក្បាល៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia