គម្រោងផ្លូវក្រវាត់ក្រុងទី៣ គឺជាសរសៃឈាមមួយដ៏សំខាន់ក្នុងការសម្រួលចរាចរ និងការដឹកជញ្ជូនទំនិញ ចេញ-ចូលរាជធានីភ្នំពេញឲ្យកាន់តែមានភាពល្អប្រសើរឡើង។ គម្រោងផ្លូវក្រវាត់ក្រុងនេះត្រូវបានចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទី១ មានប្រវែងជាង ៥៣ គីឡូម៉ែត្រ និងដំណាក់កាលទី២ (ប៉ែកខាងកើត) មានប្រវែងជាង ៣៣ គីឡូម៉ែត្រ។
គិតមកដល់ពេលបច្ចុប្បន្ននេះ សម្រាប់គម្រោងសាងសង់ដំណាក់កាលទី១ ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ) សម្រេចជិតរួចរាល់១០០% ហើយ ដោយគ្រោងបញ្ចប់នៅខែឧសភា ឬខែមិថុនានេះ
គម្រោងផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី២ នេះមានសរុបប្រវែង ៥៣,៧៥ គីឡូម៉ែត្រ ក្រាលដោយបេតុងកៅស៊ូ (AC) មានកម្រាស់ ៩ស.ម.។ ផ្លូវថ្មីនេះត្រូវបានអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក និងអនុវត្តការងារត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥,៣៨ លានដុល្លារអាមេរិក។
ដោយឡែកសម្រាប់គម្រោងក្រវាត់ក្រុងដំណាក់កាលទី២ (ប៉ែកខាងកើត) បច្ចុប្បន្នបានកំពុងសិក្សាដើម្បីសាងសង់បន្ថែម ដែលតភ្ជាប់នឹងគម្រោងដំណាក់កាលទី១។
យោងតាមលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់ក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងសរុបប្រមាណ ៣៣,៤៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចាប់ពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ។
ផ្លូវនេះនឹងត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួនបី ដោយ ឆ្លងកាត់កោះចំនួនពីរគឺកោះដាច់ និងកោះតាង ហើយគម្រោងទាំងមូលអាចនឹងចំណាយថវិកាប្រមាណ ២៤០លានដុល្លារឯណោះ។។ ដូច្នេះនៅពេលការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ទាំងពីរដំណាក់កាលខាងលើសម្រេចរួចរាល់នោះក្រវាត់រក្រុងទី៣ នេះនឹងមានប្រវែងសរុបកើនដល់ជាង ៨៧ គីឡូម៉ែត្រ ដែលព័ទ្ធជុំវិញរាជធានីភ្នំពេញតែម្ដង៕
អត្ថបទ៖ កឹម ប៊ុនធឿន