កាលពីពេលកន្លងទៅស្រូវអង្ករកម្ពុជាបានជាប់ជ័យលាភីជា អង្ករល្អដាច់គេ ប្រចាំឆ្នាំ២០២២ ដែលធ្វើឡើង នៅវេទិការអង្ករពិភលោក ទីក្រុង ភូកេត ប្រទេសថៃ នាថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២២។ចំពោះអង្ករដែលបានឈ្នះជ័យលាភីលេខ១ នៅក្នុងឆ្នាំ២០២២នេះ គឺជាប្រភេទអង្ករកម្ពុជា "ផ្ការំដួល"។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ALFEDO.E PASCUAL រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសហ្វីលីពីន និងលោកជំទាវ DR. EMMIE LIZA PEREZ-CHIONG ប្រធានសាជីវកម្មពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មប្រទេសហ្វីលីពីន និងភាគីពាក់ព័ន្ធលើការនាំចូលអង្ករ ជាមួយនឹង លោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នា និងធ្វើការសិក្សាពីលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នាជាថ្មី ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ក្រោមយន្តការរដ្ឋ និងរដ្ឋ ដែលសង្ឃឹមថានឹងចុះហត្ថលេខានាពេលឆាប់ៗខាងមុខ។
ក្នុងជំនួបនេះផងដែរ ភាគីហ្វីលីពីន ក៏បើកឱ្យមានការធ្វើពាណិជ្ជកម្មអង្ករដោយសេរី នៅក្រោមរូបភាពឯកជន និងឯកជនដោយផ្ទាល់តែម្តង ទៅតាមបរិមាណ គុណភាព និងតម្លៃដែលបានឯកភាព រវាងភាគីទាំងពីរ។នៅក្នុងនោះដែរ គណៈប្រតិភូកម្ពុជាបានជួបពិភាក្សាពីយន្តការ និងលក្ខខណ្ឌបច្ចេកទេស តម្លៃសម្រាប់ផ្គត់ផ្គង់ជាមួយបណ្តាក្រុមហ៊ុននាំចូលអង្កររបស់ហ្វីលីពីន ដែលជាលទ្ធផលបណ្តាក្រុមហ៊ុននាំចូលទាំងនោះមានការចាប់អារម្មណ៍លើគុណភាពអង្ករ និងមានបំណងនាំចូលអង្ករកម្ពុជា ទៅក្នុងទីផ្សារហ្វីលីពីន ផងដែរ។
សូមបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីនជាប្រទេសផលិតស្រូវ ហើយក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយនៅក្នុងតំបន់អាស៊ីផងដែរ ដែលជាក់ស្តែងក្នុងឆ្នាំ២០២២ កន្លងទៅ ប្រទេសហ្វីលីពីន បាននាំចូលអង្ករចំនួន ៣.៨២លានតោន ពីប្រទេសនានា ដែលប្រភេទអង្ករភាគច្រើនបំផុតជាប្រភេទអង្ករសធម្មតា៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង