ប្រធានាធិបតីអាមេរិក Donald Trumpបានទូរស័ព្ទបង្ហាញពីការមិនពេញចិត្តទៅកាន់ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos បន្ទាប់ពីមានសេចក្តីរាយការណ៍ ថាក្រុមហ៊ុនលក់រាយយក្សរបស់លោក គ្រោងនឹងរៀបរាប់លម្អិតអំពីតម្លៃពន្ធពាណិជ្ជកម្ម ដល់អតិថិជនរបស់ខ្លួនលើផលិតផលនិងគេហទំព័រអនឡាញ ថាតើវានឹងមានតម្លៃប៉ុន្មាននៅពេលពួកគេទិញទំនិញ។
យោងតាមការចុះផ្សាយរបស់កាសែត CNN នៅថ្ងៃទី២៩ ខែមេសា បានឱ្យដឹងថាបើតាមមន្ត្រីជាន់ខ្ពស់នៃសេតវិមានបាននិយាយថាលោកប្រធានាធិបតីTrump បានទូរស័ព្ទទៅ លោក Jeff Bezos ទាំងមិនសប្បាយចិត្ត អំពីរបាយការណ៍លេចលឺរបស់ក្រុមហ៊ុន Amazon ។
នៅប៉ុន្មានម៉ោងក្រោយមក អ្នកនាំពាក្យក្រុមហ៊ុន Amazon បានចានច្រានគម្រោងខាងលើនេះនឹងមិនកើតឡើងនោះឡើយ ពោលគឺក្រុមហ៊ុនគ្រាន់តែពិចារណាលើការចុះបញ្ជីការគិតថ្លៃលើផលិតផលមួយចំនួនសម្រាប់ Amazon Haul ដែលជាគេហទំព័រមួយផ្នែករបស់ក្រុមហ៊ុនផ្តោតលើការទិញ-លក់ទំនិញដែលមានតម្លៃមិនលើសពី២០$។
ក្រោយមកលោក Trump បាននិយាយថាវាគឺជាការនិយាយទូរស័ព្ទដ៏ល្អដោយលោក បានប្រាប់អ្នកយកកាសែតថា “លោក Jeff Bezos ល្អនិងពិតជាអស្ចារ្យណាស់ រូបគេអាចដោះស្រាយបញ្ហាបានលឿននិងជាបុរសល្អ”។
សូមជម្រាបផងដែរថា មហាសេដ្ឋី Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុនយក្សលក់រាយ Amazon ក៏បានបង្ហាញខ្លួនចូលរួមអបអរសាទរពិធីកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតី Trump កាលពីខែមករា ឆ្នាំ២០២៥ ផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង