កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីប្រកាសពីការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារសហរដ្ឋសរុបចំនួន៥០លានដុល្លារ ព្រមទាំងអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្ដូរប្រាក់នៅកម្ពុជាធ្វើការដេញថ្លៃចំនួន៤លើកនៅអំឡុងខែកញ្ញាឆ្នាំ២០២៣នេះ។
សេចក្ដីជូនដំណឹងពីធនាគារជាតិបានបង្ហាញឱ្យឃើញថា គិតមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជា សម្រេចលទ្ធផលដេញថ្លៃបាន ២៥លានដុល្លារហើយ ក្រោយធ្វើការដេញថ្លៃ២លើករួចមក ដោយលើកទី១សម្រេចបានចំនួន ១០លានដុល្លារ និងលើកទី២ មានចំនួន ១៥លានដុល្លារ។
ការដេញថ្លៃលើកទីមួយ សម្រេចជាលទ្ធផលនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវករប្ដូរប្រាក់ចូលរួមចំនួន ៦ ជាមួយនឹង អត្រាអប្បបរមាដេញថ្លៃឈ្នះ ៤,១៥០រៀល ក្នុងមួយដុល្លារអាមេរិក ខណៈចំនួនតឹកប្រាក់ដេញថ្លៃបានឈ្នះសរុប ១០,០០០,០០០ដុល្លារ។
ចំណែកឯការដេញថ្លៃលើកទីពីរ សម្រេចជាលទ្ធផលនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវករប្ដូរប្រាក់ចូលរួមចំនួន ៥ ជាមួយនឹងអត្រាអប្បបរមាដេញថ្លៃឈ្នះ ៤,១៣៥រៀល ក្នុងមួយដុល្លារអាមេរិក ខណៈចំនួនទឹកប្រាក់ដេញថ្លៃបានឈ្នះសរុប ៤,១០០,០០០ដុល្លារ។
សូមជម្រាបផងដែរថា បន្ទាប់ពីធ្វើការដេញថ្លៃប្រាក់ដុល្លារចំនួន២លើកក្នុងពេលមួយសប្ដាហ៍ ធនាគារ ជាតិ នៃកម្ពុជា បានសម្រេចលទ្ធផលពាក់កណ្ដាលនៃគោលដៅសរុបចំនួន ៥០លានដុល្លារអាមេរិកហើយ។ ដូច្នេះ ធនាគារ ជាតិ នៃកម្ពុជា នៅសល់តែគោលដៅពាក់កណ្ដាលទៀតប៉ុណ្ណោះដើម្បីសម្រេចឱ្យបាន នៅការដេញថ្លៃពីលើកបន្តបន្ទាប់ទៀត៕
អត្ថបទដោយ៖ សូ សុខលី