រាជរដ្ឋាភិបាលគ្រោងនឹងធ្វើការសាងសង់ផ្លូវល្បឿនលឿន និងផ្លូវដែកថ្មី នៅខាងកើតបឹងទន្លេសាបនាពេលខាងមុខ ខណៈការស្ថាបនាផ្លូវទាំង ២ ប្រភេទនេះគឺដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែលឿន និងតម្លៃដឹកជញ្ជូនទាបជាងមុន។
យោងតាមការបញ្ជាក់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជានៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ខេត្តបាត់ដំបង កាលពីពេលថ្មីៗកន្លងទៅបានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនថ្មីដែលស្ថិតនៅខាងកើតបឹងទន្លេសាបនេះ គឺសាងសង់តភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្ដសៀមរាប និងពីខេត្ដសៀមរាបទៅកាន់ក្រុងប៉ោយប៉ែត។ ដោយឡែកគម្រោងផ្លូវដែកថ្មីមួយខ្សែទៀតក៏គ្រោងសាងសង់នៅខាងកើតបឹងទន្លេបសាបនេះដូចគ្នា ដែលតភ្ជាប់ពីប៉ោយប៉ែតមកសៀមរាប និងពីសៀមរាបទៅរាជធានីភ្នំពេញ។
យោងតាមប្រសាសន៍របស់សម្ដេចធិបតីបានឲ្យដឹងថាយ៉ាងដូច្នេះថា “...យើងមានផ្លូវល្បឿនលឿនភ្នំពេញកំពង់សោម ហើយផ្លូវគ្រោងភ្នំពេញ សៀមរាប ប៉ោយប៉ែត នឹងធ្វើមួយខ្សែទៀតខាងកើតទន្លេសាប"។ សម្ដេចបន្ដថា "ផ្លូវដែកត្រូវធ្វើ ហើយគម្រោងយើងទៅថ្ងៃក្រោយអាចភ្ជាប់មួយទៀតនៅខាងកើតទន្លេ ប៉ោយប៉ែត សៀមរាប ភ្នំពេញ”។
សូមជម្រាបផងដែរថា នៅក្នុងអាណត្ដិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគម្រោងវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដើម្បីពង្រីកសរសៃឈាមសេដ្ឋកិច្ច ដែលមានដូចជាផ្លូវដែក ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវទឹក និងផ្លូវអាកាសជាដើម៕