គួរឱ្យសរសើរ! អ្នកស្រី ម៉ន សាវឿត ចាប់យករបរផលិតសូត្រតពីដូនតា មានគុណភាពខ្ពស់ មិនចាញ់របរនាំចូល
ធី ស្រីល័ក្ខAPRIL 17 202533 views

អ្នកស្រី ម៉ន សាវឿត បច្ចុប្បន្ននេះគឺជាស្រ្តីខ្មែរ១ រូប ដែលបានចាប់របរផលិតសូត្រខ្មែរតាំងពីជំនាន់ដូនតាមកម្លេះនៅក្នុងខេត្តបន្ទាយមានជ័យ មិនតែប៉ុណ្ណោះចំពោះកន្លែងផលិតសូត្ររបស់អ្នកស្រីក្រៅពីមានគុណភាពខ្ពស់និងអាចទាក់ចិត្តពលរដ្ឋខ្មែរឱ្យប្រើសូត្រខ្មែរកាន់តែច្រើនទៀតនោះ អ្នកស្រីក៏អាចជួយបង្កើតឱកាសការងារដល់អ្នកភូមិផងដែរ។

 

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រី ម៉ន សាវឿត ដែលជាម្ចាស់សិប្បកម្ម Khmer Golden Silk បានឱ្យដឹងថា មូលហេតុដែលអ្នកស្រីមកចាប់របរផលិតសូត្រខ្មែរនេះ ដោយសារតែអ្នកស្រីជាមនុស្សម្នាក់ដែលឈាមជ័រជាអ្នកចិញ្ចឹមនាង ហើយនឹងមានចំណង់ចំណូលចិត្តខាងតម្បាញតាំងពីក្មេងមកម្លេះ។ ម្យ៉ាងតាំងពីជំនាន់លោកយាយមកម្លេះ គាត់គឺជាអ្នកផលិតសូត្រដ៏ប៉ិនប្រសប់និងពូកែម្នាក់ ដូច្នេះពេលធំឡើងអ្នកស្រីមានគំនិតមួយថានឹងរកស៊ីរបរនេះបន្តឱ្យទាល់តែបាន ហើយនឹងខំប្រឹងរៀនបន្ថែមពីការផលិតសូត្រខ្មែរឱ្យល្អដូចជាលោកយាយរបស់គាត់។

៤៨

អ្នកស្រី​សាវឿត បានបន្តថា សម្រាប់មុខរបរនេះដែរ គឺបានចាប់ផ្តើមតាំងពីឆ្នាម ២០០៨ មកម្លេះ ដោយកាលនោះរបរផលិតសូត្រខ្មែរនេះគឺម្តាយអ្នកស្រីជាអ្នករកស៊ីផ្ទាល់ដោយគាត់បានផលិតបន្តិចបន្តួចដើម្បីដាក់ម៉ូតូលក់តែប៉ុណ្ណោះ តែពេលនេះអ្នកស្រីមកធ្វើបន្តក៏បានពង្រីកទៅជាសិប្បកម្មធំ១ ដើម្បីច្នៃកន្សែងសូត្រខ្មែរព្រីនផ្កាស្រស់នៅពីលើផងដែរ។

 

 នៅក្នុងនោះដែរ ប្រាកដជាមានបងប្អូនប្រជាជនខ្មែរឆ្ងល់ថាតើមូលហេតុអ្វីបានជាសូត្រខ្មែរនីមួយៗមានតម្លៃថ្លៃម្លេះ? នៅត្រង់ចម្ងល់នេះអ្នកស្រី សាវឿត ដែលជាស្រ្តីខ្មែរ១រូប ដែលជាអ្នកផលិតផលសូត្រខ្មែរបានពន្យល់យ៉ាងច្បាស់ថាៗ មូលហេតុដែលសូត្រខ្មែរនេះមានតម្លៃថ្លៃដោយសារតែ សរសៃសូត្រខ្មែរគឺជា សូត្រមួយដែលមានប្រចាំតំបន់ហើយវាមានពណ៌ដូចមាសតែម្តង ហើយមួយទៀតការចិញ្ចឹមនាងគឺត្រូវការស្អាតនឹងទាមទារចិញ្ចឹមតាមបែបធម្មជាតិហើយមួយទៀតទាក់ទងជាមួយការផលិតសូត្រខ្មែរគឺលំបាកខ្លាំង ពោលពេលទាញសរសៃសូត្រចេញនីមួយៗត្រូវការពេលខ្លាំងនឹងត្រូវតែចេះអត់ធ្មត់ឱ្យខ្លាំងដើម្បីមកទាញសូត្រទាំងនោះនីមួយៗធ្វើជាក្រម៉ា ហើយសម្រាប់របរនេះអ្នកស្រីក៏អាចជួយទៅដល់ស្រ្តីខ្មែរមួយចំនួនឱ្យមានការងារធ្វើដើម្បីកាត់បន្ថយការចំណាកស្រុក ក៏ដូចជាអាចជួយបង្កើនឱកាសការងារដល់អ៊ំៗអ្នកភូមិផងដែរ។

 

ម្ចាស់សិប្បកម្ម Khmer Golden Silk បានបន្ថែមថា នាពេលបច្ចុប្បន្ននេះកន្លែងសិប្បកម្មរបស់អ្នកស្រីក្រៅពីផលិតសូត្រខ្មែរពីសូត្រក៏មានផលិតចេញពីអំបោះដូចគ្នា ហើយនៅក្នុងនោះមានផលិតផលដូចជា ភួយ ផាហុំរុំខ្លួន ក្រម៉ាសូត្របុរាណ សារ៉ុង កាបូប និងមានក្រម៉ាច្នៃចេញពីស្លឹកឈើ កម្រាលជូតជើង ស្រោមខ្នើយនឹងផលិតផលខ្មែរជាច្រើនប្រភេទទៀតផងដែរ។

៤៨

សូមជម្រាបថា ប្រសិនជាលោកអ្នកចាប់អារម្មណ៍ចង់លើកស្ទួយផលិតផលខ្មែរ លោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមពី អ្នកស្រី ម៉ន សារឿត ម្ចាស់សិប្បកម្ម Khmer Golden Silk  តាមរយៈទូរសព្ទលេខ៖  (+855) 017 44 09 25/012 96 14 96 ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia