អបអរ! ទីបំផុត ផលិតផលខ្មែរថ្មី ៣ប្រភេទ សម្រចចុះ MOU ត្រៀមហោះចេញទៅលក់នៅប្រទេសចិនហើយ
ធី ស្រីល័ក្ខJULY 10 2023892 views

ពិតជាដំណឹងល្អខ្លាំងមែនទែន ដែលបច្ចុប្បន្ននេះផលិតផលខ្មែរចំនួន ៣ប្រភេទ គឺដំឡូងមីនិងផ្លែមៀនខ្មែរ ព្រមទាំងផ្លែម្នាស់ កំពុងតែត្រៀមខ្លួនហោះទៅលក់នៅចិនហើយ ក្រោយពីកម្ពុជាបានចុះ MOU ជាមួយក្រុមហ៊ុនចិនកាលពីថ្មីៗកន្លងទៅនេះ។

ជាក់ស្តែងកាលពីកន្លងទៅ កម្ពុជាបានបើកកិច្ចប្រជុំតាមអនឡាញមួយជាមួយភាគីចិនដើម្បី ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ដែលជាវេបសាយលក់ទំនិញធំបំផុតរបស់ប្រទេសចិន ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស។

ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ ភាគីក្រុមហ៊ុន Alibaba ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងការដឹកនាំប្រជុំដោយផ្ទាល់ និងបានស្នើឱ្យក្រសួងពាក់ព័ន្ធចូលរួមពិភាក្សានិងផ្ដល់ធាតុចូលបន្ថែមលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba។

ក្នុងកិច្ចប្រជុំនេះ របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងយ៉ាងដូច្នោះថា “ទន្ទឹមនឹងការត្រៀមចូល eWPT របស់ Alibaba ក្រសួងពាណិជ្ជកម្មបានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លែមៀនទៅប្រទេសចិនដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ដែលជាលទ្ធផល ត្រឹមតែរយៈពេលតែ ៣ ថ្ងៃ ប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨ តោន” ។

1

ជាមួយគ្នានោះដែរ កាលពីកន្លងទៅ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ភាគីចិន បានធ្វើការចុះអនុសារណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារប្រទេសចិន។

លោក ចៃ មុឈី អគ្គនាយកក្រុមហ៊ុន Global Ecological Rice (Cambodia) ក៏បានលើកឡើងថា “មុននឹងចុះកិច្ចសហការជាមួយនឹងកម្ពុជា ក្រុមហ៊ុន ក៏សហការជាមួយវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិច Guangxi សិក្សាពីដី ពូជដំឡូងមី និងទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលត្រូវតាមតម្រូវការរបស់ក្រុមហ៊ុន ថែមទាំងមានការយល់ព្រមពីរដ្ឋាភិបាលចិនក្នុងការនាំចេញផលិតផលកម្ពុជាទៅប្រទេសចិនផងដែរ”។

2

នៅក្នុងនោះដែរ ថ្មីៗនេះក៏មានក្រុមហ៊ុនចិនមួយគឺក្រុមហ៊ុន Hainan Chaoqishiting Agricultural Technology Development Co.,ltd បានសម្រេចចុះអនុស្សារណៈយោគយល់គ្នាស្តីពីការសហការចេញផលិតផលម្នាស់ (ស្រាម្នាស់ទឹកឃ្មុំ ទឹកម្នាស់ទឹកឃ្មុំ ផ្លែម្នាស់ទឹកឃ្មុំ)ទៅកាន់ប្រទេសចិនឆាប់នេះហើយ។

លើសពីនេះទៅទៀត នៅក្នុងការចុះអនុស្សារណៈយោគយល់គ្នា ក្រុមហ៊ុនចិនក៏បានសន្យាដែលថា គេនឹងធ្វើបទបង្ហាញទៅកាន់ក្រុមហ៊ុនចិនផ្សេងទៀត ឱ្យគេបានស្គាល់ពីគុណតម្លៃនៃផ្លែម្នាស់ទឹកឃ្មុំខ្មែរ ដើម្បីឱ្យក្រុមហ៊ុនចិនផ្សេងទៀតអាចយល់នឹងមានឱកាសនាំចេញបន្ថែមទៀតផងដែរ៕

3

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia