ចង់ធ្វើការងាររដ្ឋទេ? គន្លឹះធំៗ ត្រៀមប្រឡងចូលក្របខ័ណ្ឌក្នុងស្ថាប័នរដ្ឋឱ្យជាប់ជាស្ថាពរ
Kan DaraMARCH 25 20232.9 K views

មាន​និស្សិត និង​យុវជន​ជា​ច្រើន​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ ​មានក្តីស្រមៃ ឬ​គោល​បំណង​ចង់​បម្រើ​ការងារ​នៅ​តាម​ក្រសួង ឬ​ស្ថាប័ន​រដ្ឋ​ណា​មួយ​ដែល​ត្រូវ​ជំនាញ​របស់​ខ្លួន​។ ថ្ងៃនេះ Business Cambodia នឹងលើកបង្ហាញគន្លឹះធំៗ៤ បេក្ខជនត្រូវត្រៀមខ្លួនឲ្យហើយ បើចង់ប្រឡងចូលក្របខណ្ឌក្នុងស្ថាប័នរដ្ឋឲ្យជាប់ជាស្ថាពរ៖

១/. តាមដានព័ត៌មានទាក់ទងនឹងការជ្រើសរើស

អ្នកអាចស្វែងរកដំណឹងប្រកាសនេះនៅតាមក្រសួង ឬស្ថាប័ននានា ឬទំព័រហ្វេសប៊ុកក្រសួងមុខងារសាធារណៈ និងតាមទំព័រ ហ្វេសប៊ុកក្រសួងទាំងនោះ (ជាធម្មតា គេប្រកាសរើសចាប់ពីដើមខែមីនាឆ្នាំដល់ចុងខែតុលា)។ ចំពោះក្របខណ្ឌប្រឡងជាទូទៅមាន "ក" និង "ខ" ដែល "ក" សម្រាប់អ្នកមានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ (អាយុតិចជាង ៣៥ឆ្នាំទើបមានសិទ្ធិដាក់ពាក្យប្រឡងយកក្របខណ្ឌ "ក"បាន) ចំណែកឯ "ខ" សម្រាប់អ្នកមានបរិញ្ញាបត្ររង ឬកំពុងរៀនចាប់ពីឆ្នាំទី២ឡើងទៅ(ត្រូវបញ្ជាក់ពីសាលា)។ ចុងក្រោយ តើជំនាញរបស់អ្នក(សញ្ញាបត្រ) អាចដាក់ប្រឡងក្រសួងទាំងនោះបានឬទេ?

/. ត្រៀមរៀបចំខ្លួនឲ្យបានមួយកំប្លេរនិងទាន់ពេលវេលា

ទៅរកទិញពាក្យសុំសិទ្ធិប្រឡងឲ្យកាន់តែលឿនកាន់តែល្អ (សួរគេថាតម្រូវការភ្ជាប់ឯកសារអ្វីខ្លះ?) និងត្រូវប្រាកដថា អ្នកមានឯកសារគ្រប់គ្រាន់តាមតម្រូវការរបស់ក្រសួងនានា ដែលគេត្រូវការ(ពេលដាក់ពាក្យ)។ បញ្ជាក់ឯកសារ សញ្ញាបត្រ ឯកសារពាក់ព័ន្ធ ឲ្យបានរួចរាល់។ រីឯឯកសារសំខាន់មានដូចជា សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ រូបថត 4*6 ដែលត្រូវបញ្ជាក់ ឬចម្លង ដោយមានត្រាទទួលស្គាល់ដោយអាជ្ញាធរ (បើមានបញ្ហាខុសឈ្មោះ ខុសថ្ងៃខែឆ្នាំកំណើត ខុសផ្នែកផ្សេងៗ ត្រូវរៀបចំកែឲ្យបានមុន ជៀសវាងខកខានមិនអាចដាក់ពាក្យប្រឡងបាន)។

៣/. ស្រាវជ្រាវ​ឯកសារ​ដែល​ពាក់ព័ន្ធ

រឿង​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​បំផុត​មួយទៀតនោះ​គឺ ​ការ​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ​នឹង​ជំនាញ​ដែល​ត្រូវ​ប្រឡង​។ ឯកសារ​ទាំង​នោះ​មាន​ដូចជា វិញ្ញាសា​ដែល​គេ​ធ្លាប់​ប្រឡង​កាល​ពី​ឆ្នាំ​ចាស់ តាម​ដាន​ឱ្យ​ជាប់​នៅ​ក្នុង​គេហទំព័រ​ក្រសួង​នីមួយៗ ​ស្គាល់​ពី​ស្ថាប័ន​នោះ​ឱ្យ​ច្បាស់ ជាពិសេស​ច្បាប់ ឬ​អនុក្រឹត្យ​ដែល​មាន​ចែង​នៅ​ក្នុង​ក្រសួង​នីមួយៗ​នោះ​ក៏​មិន​ត្រូវ​មើល​រំលង​ដែរ ព្រោះ​សុទ្ធ​តែ​អាច​ចេញ​ពេល​ប្រឡង​ទាំង​អស់​។

អូ… ឈប់សិន! កុំភ្លេចរំលឹក "ភាសាអង់គ្លេស" ឲ្យបានច្រើនតាមដែលអាចធ្វើបាន(ធ្វើវិញ្ញាសា ភាសាអង់គ្លេស បានច្រើន នោះសង្ឃឹមជាប់ក៏ច្រើន) ភាគច្រើនចេញរបៀប TOEFL ឬសំណេរអង់គ្លេស ឬបកប្រែ។ ចំពោះវិញ្ញាសា "វប្បធម៌ទូទៅ" ជាទូទៅគេច្រើនសួរទាក់ទងនឹង រាជរដ្ឋាភិបាល យុត្តិសាស្រ្តចតុកោណ អភិបាលកិច្ចល្អ។ ស្វែងយល់បន្ថែមពី សកម្មភាពរបស់រដ្ឋាភិបាល និងព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេសជាដើម។

/. ការសម្ភាសន៍

ក្រសួងខ្លះមិនទាមទារធ្វើសម្ភាសន៍ម្តងទៀតឡើយ បើបេក្ខជនប្រឡងសរសេរជាប់ គឺជាប់ហើយ តែក្រសួងមួយចំនួន គេត្រូវធ្វើការសម្ភាសន៍មួយដំណាក់កាលទៀត បន្ទាប់ពីប្រលងជាប់វិញ្ញាសាសរសេរ។ ជាទូទៅពេលសម្ភាសន៍គេសួរសំណួរមួយចំនួនដូចជា៖ តើហេតុអ្វីបានជាប្អូនចង់បម្រើការក្នុងក្រសួងនេះ? បើសិនជាប្អូនត្រូវបានជ្រើសរើសឲ្យជាប់ តើប្អូនមានការតាំងចិត្តអ្វីខ្លះដើម្បីបម្រើ ក្រសួង រដ្ឋ? ឬម្យ៉ាងទៀត ឧទាហរណ៍. ក្រសួងធនធានទឹក ឧត្តុនិយម៖ មានសំណួរខ្លះគេសួរបែប ចំណេះដឹងទូទៅ ដូចជា៖ តើអ្វីជាកូនរដូវប្រាំង វាកើតឡើងនៅខែណា? សំណួរខ្លះទាក់ទងនឹងភូមិវិទ្យា ជាដើម។ ដូច្នេះមុនទៅសម្ភាសន៍គួរសួរអ្នកដែលធ្លាប់ប្រលងជាប់ឆ្នាំមុនៗ គឺជាទុនដ៏ប្រសើរបំផុត៕ ជូនពរទទួលបានជោគជ័យ សំណាងល្អណា៎!

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia