ជារឿងអស្ចារ្យបំផុត ដែលកីឡាការិនីវ័យក្មេងកម្ពុជា ពៅ សុខា បានពាំនាំមេដាយសរុបចំនួន៥ជូនមាតុភូមិកម្ពុជា ដែលក្នុងនោះមានមេដាយមាសចំនួន ៣គ្រឿង លើវិញ្ញាសាសម្តែងគុនដាវនារី០២នាក់ វិញ្ញាសាសម្តែងក្រុមនារី០៣នាក់បុរស០៤នាក់ និងវិញ្ញាសាសម្តែងគុនដាវនារី០៥នាក់ និងមេដាយចំនួន២ទៀតគឺមានមេដាយប្រាក់១លើវិញ្ញាសាសម្ដែងមេគុនដាវផ្នែកនារី និងមេដាយសំរិទ្ធ១គ្រឿង លើវិញ្ញាសាសម្តែងមេគុនចម្រុះ។
ថ្វីត្បិតតែភាពជោគជ័យនាពេលនេះជារឿងដ៏គួរឱ្យអបអរ ប៉ុន្តែគ្រប់យ៉ាងគឺមិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺ កីឡាការិនីពៅ សុខា បានខាំមាត់សង្កត់ចិត្តអត់ធ្មត់មកអស់រយៈពេល ១០ឆ្នាំមកហើយ។
រំលឹកទៅកាន់ឆ្នាំ២០១៣ កីឡាការិនីពៅ សុខាបានដាក់គោលដៅថា ត្រូវតែខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯងខ្លាំង ដើម្បីអាចបញ្ចូលខ្លួនឯងចូលទៅក្នុងជម្រើសកីឡាការិនីស៊ីហ្គេម ប្រកួតតំណាងឱ្យកម្ពុជា។ ជាលទ្ធផលជាក់ស្ដែងគឺក្ដីស្រមៃរបស់នាង ក៏បានក្លាយជាការពិត ព្រោះខ្លួនអាចមានសមត្ថភាពដណ្ដើមមេដាយជូនមាតុភូមិរហូតដល់ទៅ០៥គ្រឿង ក្នុងនោះមានមេដាយមាសរហូតដល់ទៅ៣គ្រឿងទន្ទឹមគ្នាតែម្ដង។
ការដាក់គោលដៅឱ្យបានច្បាស់លាស់ ការអត់ធ្មត់ ការលះបង់តស៊ូ ការត្រៀមខ្លួនឱ្យបានរួចរាល់ ជំនឿជាក់លើខ្លួនឯង ឆន្ទៈមោះមុតដែលចង់កសាងកិត្តិយសជូនកម្ពុជា បានធ្វើឱ្យកីឡាការិនីពៅ សុខា អាចប្រែក្ដីសុបិនឱ្យក្លាយជាការពិត លើសពីការរំពឹងទុក៕