ប្អូនៗសិស្សានុសិស្សជាង ១០២នាក់ នៃសាលាបឋមសិក្សាក្រពើពុលនៅតំបន់ជនបទ បង្ហាញក្ដីរំភើបរីករាយដែលទទួលនូវការគាំពារឧបត្ថម្ភពី ប៉េង ហួត គ្រុប
Sopheak PichJUNE 11 2024

ការអប់រំគឺជាថ្នាលបណ្តុះបណ្តាលចំណេះវិជ្ជាដ៏សំខាន់ និងជាអនាគតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ប្អូនៗសិស្សានុសិស្សប្រមាណជាង ១០នាក់ និងគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សាក្រពើពុលស្ថិតក្នុងតំបន់ជនបទ បង្ហាញពីក្ដីរំភើបរីករាយដែលទទួលបានការគាំពារឧបត្ថម្ភពី ប៉េង ហួត គ្រុប នូវសម្ភារសិក្សា និងសម្ភារអនាម័យក្នុងការជួយសម្រួលបន្ទុកសិក្សារបស់សិស្ស និងភាពខ្វះខាតរបស់សាលា រួមទាំងជួយសម្រួលដល់ជីវភាពគ្រួសារអាណាព្យាបាលសិ្សស្សជាង ១៣០គ្រួសារទៀតដោយប្រយោលដែរស្ថិតនៅជុំវិញតំបន់នោះ។ ជាមួយគ្នានេះក៏មានការចែករំលែកចំណេះដឹងអំពីការថែទាំអនាម័យខ្លួនប្រាណពីសហការី ប៉េង ហួត គ្រុប និង មន្ទីរព្យាបាលធ្មេញ រៀលធីស ផងដែរ។ កម្មវិធីសប្បុរសធម៌នេះត្រូវបានធ្វើឡើងនៅសាលាបឋមសិក្សាក្រពើពុល ភូមិក្រពើពុល ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។

Photo 2024 06 11 16 37 47

Photo 2024 06 11 16 45 33

Photo 2024 06 11 16 37 36លោក ខេម ប៊ុនលី នាយកសាលាបឋមសិក្សាក្រពើពុល បានសម្តែងនូវអំណរគុណ​ដោយលើកឡើងថា “តាំងនាមគណៈគ្រប់គ្រងសាលា និងកូនៗសិស្សានុសិ្សសទាំងអស់ពិតជាមានសេចក្ដីរីករាយខ្លាំងណាស់ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវសម្ភារសិក្សា និងសម្ភារអនាម័យ ឧបត្ថម្ភដល់សាលាយើងខ្ញុំ ស្របពេលដែលបច្ចុប្បន្នសាលាកំពុងប្រឈមការខ្វះខាតនូវសម្ភារទាំងនេះមួយចំនួនធំ។ លោកបន្តទៀតថា សព្វថ្ងៃនេះសាលាក៏ប្រឈមនឹងការខ្វះខាតជាច្រើនទៀតដូចជាទូកស្មាច និងឧបករណ៍បំពងសំឡេង ​(speaker) សម្រាប់សម្រួលដល់ការបង្រៀន និងការធ្វើដំណើររបស់បុគ្គលិកគ្រូបង្រៀន និងសិស្សព្រោះជុំវិញតំបន់នេះរួមទាំងសាលារៀនគឺគ្រប​ដ​ណ្ត​ប់​ដោយបឹងទន្លេសាបដែលបង្កឱ្យមានទឹកលិចនារដូវវស្សាជាហេតុបង្កឱ្យមានផលលំបាកក្នុងការធ្វើដំណើរ។ លោកក៏បានអំពាវនាវ និងសូមស្វាគមន៍រាល់ជំនួយសប្បុរសធម៌ពីសប្បុរជនដែលមានបំណងចង់បរិច្ចាគដល់សាលាបឋមសិក្សាក្រពុល ជាពិសេសតម្រូវការចំបាច់ដូចរៀបរាប់ខាងលើ។” ការបិរច្ចាគរបស់សប្បុជនទាំងអស់គ្នាគឺជាការរួមចំណែកលើកកម្ពស់ការអប់រំ ដែលជួយដល់ការសិក្សារបស់យុវជនជំនាន់ក្រោយអាចនឹងឆ្ពោះទៅសម្រេចគោលដៅនាថ្ងៃអនាគត ខណៈពួកគេគឺជាធនធានចូលរួមអភិវឌ្ឍប្រទេសជាតិយ៉ាងសំខាន់។     

Photo 2024 06 11 16 37 22

Photo 2024 06 11 16 37 32ស្របតាមសសរស្តម្ភទាំង៣ របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ដែលការបរិច្ចាគនេះគឺជា បង្គោលទី១ ដែលផ្ដោតលើការរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ការសាងសង់សាលារៀន ការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រ ការចែករំលែកចំណេះដឹងតាមរយៈការរៀបចំសិក្ខាសាលា និងការយកចិត្តទុកដាក់បរិច្ចាគនូវសម្ភារសិក្សាដល់ប្អូនៗសិស្សានុសិស្សក្រីក្រតាមតំបន់ខ្វះខាតជាច្រើនទៀត។

Photo 2024 06 11 16 37 55

Photo 2024 06 11 16 37 50សូមរំលឹកថា សាលាបឋមសិក្សាក្រពើពុលត្រូវបានបង្កើតឡើងជាច្រើនឆ្នាំមកហើយ បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីតាំងស្ថិតក្នុងភូមិក្រពើពុល ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មានគ្រូបង្រៀនសរុប ៥នាក់ ក្នុងនោះដឹកនាំដោយនាយកសាលាមួយនាក់។ គ្រូបង្រៀនបួននាក់គឺមកពីទីរួមខេត្ត ហើយស្នាក់នៅក្នុងកុដិព្រះសង្ឃវត្តក្បែរសាលានេះ ខណៈអ្នកគ្រូម្នាក់ទៀតគឺជាអ្នករស់នៅក្នុងភូមិស្រាប់។ ចំណែកឯសិស្សវិញមានចំនួនសរុប ១០២នាក់ ចាប់ពីថ្នាក់មត្ដេយ្យសិក្សាកម្រិតទាប (អាយុបីឆ្នាំ) រហូតដល់ថ្នាក់ទី ៦ (អាយុ១៤-១៥ឆ្នាំ)។ សាលាមានអគារសិក្សាចំនួនពីរខ្នង មួយខ្នងមានសភាពចាស់ទ្រុឌទ្រោម និងមួយខ្នងថ្មីទៀតគឺជាជំនួយឧបត្ថម្ភដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។ អគារថ្នាក់រៀនថ្មីមានបីបន្ទប់ដែលត្រូវបានប្រើប្រាស់សម្រាប់រៀនរាល់ថ្ងៃនេះ។

Photo 2024 06 11 16 15 17

Photo 2024 06 11 16 37 39

Photo 2024 06 11 16 37 42

ទោះសាលាបឋមសិក្សាក្រពើពុលស្ថិតនៅតំបន់ជនបទឆ្ងាយពីទីរួមខេត្តកំពង់ឆ្នាំងក្ដី ក៏អាណាព្យាបាលសិស្សព្យាយាមលើកទឹកចិត្តកូនៗឱ្យមានពេលវេលាមកសាលារៀនជាប្រចាំដោយក្ដីសង្ឃឹមជានិច្ច ហើយសិស្សានុសិស្សក៏មានអារម្មណ៍រីករាយ និងសប្បាយចិត្តដែលមកទទួលចំណេះដឹង។ ខណៈគណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូក៏ព្យាយាមបង្រៀន អប់រំ ដឹកនាំចូលរួមជាមួយសិស្សានុសិស្សដោយមោទកភាពផងដែរ៕​

Sopheak Pich

អត្ថបទសរុប៖ 641

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia