ប្រទេសថៃកំពុងមានការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្រ្តី ខណៈពេលនេះគណបក្សឆ្ពោះទៅមុខដែលដឹកនាំដោយលោក Pita Limjaroenrat ដែលមហាជនកំពុងចោលភ្នែកសម្លឹង និងកំពុងទទួលបានសំឡេងនាំមុខគេក្នុងចំណោមគណបក្សផ្សេងៗទៀត។
តើបុរសថៃវ័យ៤២ អនាគតអាចជាអ្នកដឹកនាំវ័យក្មេងរបស់ប្រទេសថៃរូបនេះមានប្រវត្តិមកពីណា?
លោក Pita Limjaroenrat បច្ចុប្បន្នគឺជាអ្នកនយោបាយនិងជាអ្នកជំនួញដ៏មានមុខមាត់ម្នាក់ក្នុងប្រទេសថៃ ដែលជាកូនប្រុសច្បងរបស់លោក Pongsak Limjaroenrat អតីតទីប្រឹក្សារបស់រដ្ឋមន្រ្តីក្រសួងកសិកម្មថៃ។
លោក Pita កើតនៅថ្ងៃទី០៥កញ្ញា ឆ្នាំ១៩៨០ និងបានទទួលការអប់រំពីប្រទេសញ៉ូហ្សេលែន ព្រមទាំងសាកលវិទ្យាល័យល្បីៗរបស់សហរដ្ឋអាមេរិក ក៏ដូចជានិស្សិតអាហារូបករណ៍របស់សាកលវិទ្យាល័យ Harvard ហើយលោកគឺជាសិស្សជនជាតិថៃទី១ហើយដែលទទួលបានអាហារូបករណ៍នេះ។
មុនប្រឡូកចូលនយោបាយលោកក៏ជាអ្នកជំនួញវ័យក្មេងបន្តតំណែងពីឪពុកផងដែរ ដោយកាលណោះលោកមានវ័យត្រឹម២៥ឆ្នាំ និងបានគ្រប់គ្រងក្រុមហ៊ុនឧស្សាហកម្មផលិតប្រេងកន្ទក់។ ក្រោមការដឹកនាំរបស់លោកផលិតផលនេះបានក្លាយទៅជាផលិតផលដ៏មានប្រជាប្រិយភាពមួយក្នុងចំណោមផលិតផលផ្សេងៗទៀតនៅអាស៊ី។
លើសពីនេះទៅទៀតលោកក៏ជាអ្នកដឹកនាំក្រុមហ៊ុនដឹកជញ្ជូន Grab នៅថៃអំឡុងឆ្នាំ២០១៧-២០១៨ផងដែរ។ នៅឆ្នាំ២០១២ លោកក៏បានរៀបការជាមួយតារាសម្តែងស្រីម្នាក់ និងបានលែងលះគ្នាទៅវិញក្នុងឆ្នាំ២០១៩ ដោយបន្សល់ទុកកូនស្រីម្នាក់ជាចំណងដៃ។
ជីវិតក្នុងឆាកនយោបាយរបស់លោកបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០១៩ ដែលលោកគឺជាអ្នកដឹកនំាបក្សនយោបាយ ឆ្ពោះទៅមុខ។ នាថ្ងៃទី១៥ឧសភានេះគណៈកម្មការរៀបចំការបោះឆ្នោតថៃ បានប្រកាសអំពីសំឡេងកៅអីរបស់គណបក្សនេះ ដែលកំពុងមានចំនួននាំមុខគណបក្សផ្សេងៗទៀតក្នុងសភា៕
អត្ថបទដោយ៖ ពីង ជូអេង