មានវ័យត្រឹម៤២ឆ្នាំ លោក Pita Limjaroenrat បានក្លាយជាបេក្ខភាពនាយករដ្ឋមន្រ្តី វ័យក្មេងដែលមហាជនថៃកំពុងចាប់អារម្មណ៍ខ្លាំង។ ពីក្មេងមិនស្តាប់បង្គាប់ ឪពុកស្លាប់ចោលទាំងវ័យក្មេង លោក Pita អាចដោះបំណុលគ្រួសារជំពាក់គេជាង២លានដុល្លារដែលឪពុកខ្លួនបានខ្ចីទៅរកស៊ីខាតនិងធ្លាក់ខ្លួនឈឺរហូតបាត់បង់ជីវិត។ នេះបើយោងតាមប្រភព The Nation Thailand ។
រំលឹកទៅឆ្នាំ២០០៦ ក្នុងនាមជាកូនប្រុសច្បងក្នុងគ្រួសារ Pita ដែលមានវ័យត្រឹម២៥ឆ្នាំ បានផ្អាកការសិក្សាភ្លាមៗបន្ទាប់ពីមរណភាពរបស់ឪពុកដោយសារជំងឺ និងងាកមកដោះស្រាយបញ្ហាក្រុមហ៊ុនដែលកំពុងជាប់គាំងព្រោះការដឹកនាំរបស់ឪពុកមិនមានរចនាសម្ព័ន្ធច្បាស់លាស់រហូតធ្វើក្រុមហ៊ុនផុងក្នុងបំណុលរហូតដល់១០០លានបាត ស្មើនឹងជាង២លានដុល្លារអាមេរិក។
មិនធ្លាប់គ្រប់គ្រងជំនួញ លុយសេសសល់នៅក្នុងដៃមានត្រឹម២០ទៅ៣០លានបាត ក្រុមហ៊ុនឧស្សាហកម្ម Agrifood Co, ផលិតប្រេងកន្ទក់រងផលវិបាកជាខ្លាំង ខណៈការដំណើរការរោងចក្រត្រូវចំណាយ២លានបាតក្នុង១ថ្ងៃ ដោយសារតម្លៃវត្ថុធាតុដើមឡើងខ្ពស់ តម្រូវការដីធ្វើឱ្យតម្លៃឡើងថ្លៃ ទំហំប្រាក់ឈ្នួលក៏កាន់តែធំជាងមុន។
ប៉ុន្តែអ្នកដឹកនាំដែលទើបតែមានវ័យ២៥ឆ្នាំ ក៏ប្រើក្បួនមួយដើម្បីស្តារអាជីវកម្មនេះឡើងវិញ គឺបង្រួមសង្វាក់ផលិតកម្មឱ្យតូចជាងមុន ចំណាយលុយប្រើបច្ចេកទេសឱ្យទំនើបជាងមុន ទាំងការវិចខ្ជាប់ការផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យធំ និងនាំចេញទៅក្រៅប្រទេសឱ្យបានប្រហាក់ប្រហែលគ្នា ទៅនឹងទីផ្សារក្នុងស្រុក។ ក្រោមការគ្រប់គ្រងរបស់លោក ត្រឹមរយៈពេល២ឆ្នាំក្រុមហ៊ុនក៏អាចងើបឡើងវិញនិងក្លាយជាផលិតផលប្រេងកន្ទក់ដែលមានទីផ្សារខ្លាំងនៅប្រទេសថៃ និងល្បីល្បាញនៅទូទាំងអាស៊ី។
កំឡុងឆ្នាំ២០០៩ លោកក៏បានត្រឡប់ទៅរៀនបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ នៅអាមេរិកវិញ និងបានប្រឡូកចូលឆាកនយោបាយនៅក្នុងឆ្នាំ២០១៩ ដោយបានដឹកនាំគណបក្ស “ឆ្ពោះទៅមុខ” ដើម្បីឈរឈ្មោះជានាយករដ្ឋមន្រ្តីថៃដែលមានការបោះឆ្នោតនៅថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៣ កាលពីម្សិលមិញនេះ៕
អត្ថបទដោយ៖ ពីង ជូអេង