អាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលជាអាកាសយានដ្ឋានទំនើប និងធំជាងគេនៅក្នុងប្រទេសកម្ពុជា នឹងបើកដំណើរការហោះហើរទទួលភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះហើយ។ យ៉ាងណាទន្ទឹមនឹងការបើកប្រតិបត្ដិការអាកាសកាសយានដ្ឋានខាងលើ ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” ដែលបង្កើតឡើងដោយក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏នឹងបើកដំណើរការក្នុងអំឡុងខែកញ្ញា នេះដូចគ្នា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរដែលចូលមកកម្ពុជាផងដែរ។
ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” គឺជាផ្សារទេសចរណ៍ខ្មែរ បង្កើតឡើងក្នុងគោលបំណងជួយជំរុញសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប និងការអភិវឌ្ឍផលិតផលទេសចរណ៍ រួមជាមួយការប្រមូលផ្ដុំផលិតផលក្នុងស្រុក សុទ្ធសឹងតែជាស្នាដៃរបស់បងប្អូនខ្មែរយើងនៅតាមមូលដ្ឋានដូចជា៖ បន្លែ ផ្លែឈើ សម្ភារប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារប្រចាំតំបន់ និងសេវាកម្មផ្សេងៗ។ គម្រោងនេះ មិនត្រឹមតែជាផ្សារលក់ផលិតផល ប៉ុន្តែក៏រួមបញ្ជូលជាមួយនឹងស្ថាបត្យកម្ម រចនាបទខ្មែរ សិល្បៈ វប្បធម៌ ប្រពៃណីដែលជាអត្តសញ្ញាណជាតិខ្មែរផងដែរ។
ដូច្នេះនៅពេលផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” បើកដំណើរ គឺមិនត្រឹមតែអាចជួយបំពេញតម្រូវការរបស់ភ្ញៀវទេសចរដែលមកលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្ដែក៏នឹងជួយផ្សព្វផ្សាយពីផលិតផល ក៏ដូចជាសិល្បៈវប្បធម៌ខ្មែរ ឲ្យពិភពលោកបានស្គាល់កាន់តែច្រើនបន្ថែមទៀត។
សូមជម្រាបថា ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” គឺមានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលនៅជិតគ្នានឹងអាកាសយានដ្ឋានអន្ដរជាតិតេជោផងដែរ។ ផ្សារទេសចរណ៍នេះត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំង ដោយចំណាយទុនខ្ទង់កន្លះលានដុល្លារ និងមានតូបលក់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ដូចបានរៀបរាប់ខាងលើរហូតដល់ទៅ ១២៤ តូបឯណោះ។ ហើយគម្រោងផ្សារទេសចរណ៍ថ្មីនេះ ក៏ទទួលបានការគាំទ្រពីក្រសួងទេសចរណ៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញផងដែរ។
ដូចនេះ នៅពេលផ្សារទេសរចណ៍ “ភូមិខ្មែរអ្នកធ្វើ” បើកដំណើរការកុំភ្លេចទៅចូលរួមគាំទ្រផលិតផលខ្មែរ ទាំងអស់គ្នា ដើម្បីជួយលើកកម្ពស់វប្បធម៌ និងអត្តសញ្ញាណជាតិ ព្រមទាំងជួយជំរុញសេដ្ឋកិច្ចជាតិយើង។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគម្រោងខាងលើ សូមធ្វើការតាមដានហ្វេសប៊ុកផេក ភូមិខ្មែរអ្នកធ្វើ-Phum Khmer Nak Tver ឬហ្វេសប៊ុកផេក Chip Mong 271 Mega Mall ៕