អ្នកស្រី ជា គីមឡាយ ប្រាប់គន្លឹះធំ៣ អាចច្នៃរបរតូចតាចលក់នៅផ្ទះធម្មតា ក្លាយជាសិប្បកម្មស្ដង់ដារ
SOKLY SODECEMBER 5 2023301 views

ដោយសារតែកាលពីឆ្នាំ២០១៣ នៅប្រទេសកម្ពុជាមានករណីមនុស្សពុលទឹកត្រី ដែលនាំចូលពីក្រៅបានធ្វើឱ្យ អ្នកស្រី ជា គីមឡាយ និងគ្រួសារ សម្រេចចិត្តបង្កើតរបរផលិតទឹកត្រី បន្ថែមពីលើការផលិតសៀងលក់លក្ខណៈគ្រួសារដែលមានស្រាប់ ដោយប្រើប្រាស់រូបមន្តតជំនាន់ពីជីតា ដើម្បីឱ្យប្រជាជនខ្មែរអាចប្រើប្រាស់ផលិតផលក្នុងស្រុក មិនប៉ះពាល់សុខភាព។

ដោយមើលឃើញពីអំណោយផលកសិកម្មនៅតាមបណ្ដាខេត្ត អ្នកស្រីគីមឡាយ ក៏បានប្រមូលទិញវត្ថុធាតុដើមពីខេត្តនានា ដើម្បីយកមកផលិតទឹកត្រី និងទឹកម្ទេស។ ដំបូងៗអ្នកស្រីធ្វើការផលិតដោយកូរនឹងខ្ទះត្នោត ហើយលក់ឱ្យអ្នកស្រុកអ្នកភូមិទូទៅ មិនទាន់មានជាស្ដង់ដារអ្វីឡើយ។ តែក្រោយពីទទួលបានការគាំទ្រពីអតិថិជនជាច្រើន អ្នកស្រីក៏អាចផ្លាស់ប្ដូររបរគ្រួសារមួយនេះឱ្យក្លាយជាអាជីវកម្មស្ដង់ដារក្រោមឈ្មោះថា សហគ្រាស ភ្នំពេជ្រ ប៊ុនឃា។ ខាងក្រោមនេះជាដំណាក់កាលធំៗទាំង៣ នៃការផ្លាស់ប្ដូរអាជីវកម្មតូចមួយឱ្យក្លាយជា សិប្បកម្មស្ដង់ដារ៖

370464905 296096959921869 5853110745943870450 N

១. ផ្ដើមពីតូច៖ ឆ្លៀតក្នុង​ឱកាសនេះដែរ អ្នកស្រីគីមឡាយ បានលើកឡើងពីអនុស្សាវរីយ៍របស់ សហគ្រាស ភ្នំពេជ្រ ប៊ុនឃា ដែលកាលពីចាប់ផ្ដើមដំបូងនៅអំឡុងឆ្នាំ២០១៣ អ្នកស្រីមានគ្នាពីរនាក់ប្ដីប្រពន្ធ និងប្អូនថ្លៃ២នាក់ទៀត បានរួមដៃគ្នាផលិត វេចខ្ចប់ និងដឹកជញ្ជូនដោយខ្លួនឯងទាំងអស់។ អនុស្សាវរីយ៍មួយដែលអ្នកស្រីមិនអាចបំភ្លេចបានគឺ ឱ្យតែដល់រដូវចូលឆ្នាំ លក់ទឹកម្ទេសដាច់ខ្លាំង អ្នកស្រីខិតខំ បុកម្ទេសនិងខ្ទឹមដើម្បីចំអិនក្នុងខ្ទះត្នោត ដុតកម្ដៅដោយអង្កាម។ ដោយសារតែចង់រក្សារសជាតិទឹកម្ទេសឱ្យឆ្ងាញ់ ម្ចាស់សិប្បកម្មខ្មែររូបនេះ សុខចិត្តជ្រើសរើសវិធីបុកម្ទេស និងខ្ទឹម ជំនួសឱ្យការក្រឡុក ហើយគាត់ធ្វើខ្លួនឯងរហូតដល់ថ្នាក់ឈាមច្រមុះក៏មាន។ 

អ្នកស្រីគីមឡាយ បានប្រាប់ Business Cambodia ថា «ពេលចាប់ផ្ដើមរបរដំបូង ពួកយើងមានទុនមិនច្រើនឡើយ ដូច្នេះហើយយើងសម្រេចចិត្តធ្វើវាតិចៗតាមលទ្ធភាព»។ រហូតដល់មានអ្នកគាំទ្រច្រើន ទើបម្ចាស់សិប្បកម្មខ្មែររូបនេះ ដាក់ទុនទិញឧបករណ៍ទំនើបៗបន្ថែម និងមានបុគ្គលិកសរុបជាង២០រូប។ សព្វថ្ងៃនេះ សហគ្រាស ភ្នំពេជ្រ ប៊ុនឃា មានម៉ាស៊ីនពាក់កណ្ដាលស្វ័យប្រវត្តិ ចម្អិនដោយឡចំហាយ និងឧបករណ៍សំខាន់ៗមួយចំនួន ដែលអាចរក្សាអនាម័យផលិតផលរបស់ខ្លួនបានយ៉ាងល្អ។

២. ផ្ដោតលើគុណភាព៖ សហគ្រិនស្រ្តីរូបនេះ ឱ្យតម្លៃខ្លាំងទៅលើគុណភាព មិនថាសៀង ទឹកត្រី ឬទឹកស៊ីអ៊ីវ របស់សហគ្រាស ភ្នំពេជ្រ ប៊ុនឃា សុទ្ធសឹងតែរក្សាបាននូវរសជាតិឆ្ងាញ់ ទៅតាមរូបមន្តរបស់ចាស់វស្សារបស់ខ្លួន។

៣. ត្រូវមានការទទួលស្គាល់៖ អនាម័យនិងស្ដង់ដារ សហគ្រាសមានទីតាំងធំទូលាយអាចរក្សាបាននូវគុណភាពនិងអនាម័យ ជាពិសេសគឺមានការទទួលស្គាល់ពី ស្ដង់ដារ ចបផ CS និង CQS ស្របតាមតម្រូវការស្ដង់ដារសុវត្ថិភាពចំណីអាហារ។ លើសពីនេះក៏មានការគាំទ្រពីកម្មវិធី CAPFIsh-Capture ដែលអនុវត្តដោយរដ្ឋបាលជលផល និងអង្គការ UNIDO ក្រោមសហហិរញ្ញប្បទានរបស់សហភាពអឺរ៉ុបផងដែរ។ មិនតែប៉ុណ្ណោះ សិប្បកម្ម ភ្នំពេជ្រ ប៊ុនឃា កំពុងពង្រឹងបន្ថែមដើម្បីទទួលបាននូវស្ដង់ដា GMP, GHP និង HAccp ព្រមទាំងសិក្សាជាមួយសាស្ត្រាចារ្យគីមីចំណីអាហារបន្ថែមទៀត។

ជាការពិតណាស់ដែលថាការបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយ និងនាំផលិតផលរបស់យើងទៅឱ្យទីផ្សារទទួលស្គាល់ជារឿងលំបាក ប៉ុន្តែដរាបណាអ្នកមានគោលដៅច្បាស់លាស់ មានការយកចិត្តទុកដាក់ ខំប្រឹងមិនចុះចាញ់ អ្នកប្រាកដជាអាចឈរជើងលើទីផ្សារនេះបានមិនខាន។ តួយ៉ាងដូចសិប្បកម្មភ្នំពេជ្រ ប៊ុនឃា របស់អ្នកស្រីគីឡាយអ៊ីចឹង អាចមកដល់ចំណុចនេះក៏ព្រោះតែ មានការលះបង់ខំប្រឹងមិនព្រមចុះចាញ់របស់សហគ្រិនខ្មែរ ដែលមានទស្សនៈវិស័យវែងឆ្ងាយដើម្បីប្រយោជន៍មនុស្សជុំវិញខ្លួន៕

ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមពីសិប្បកម្ម ភ្នំពេជ្រ ប៊ុនឃា ឬក៏ចង់គាំទ្រសិប្បកម្មខ្មែរយើង បងប្អូនអាចធ្វើការទំនាក់ទំនងតាមរយៈផេកផ្លូវការ៖ សិប្បកម្ម ភ្នំពេជ្រ ប៊ុនឃា ឬតាមរយៈទូរស័ព្ទលេខ៖ 011422458។

354915608 252006267664272 1933642480971889947 N

307917217 108075952057305 1243949120839926282 N

362930800 274182245446674 1344925488307054123 N

346460868 207490762091852 3554814073122064112 N

340063172 3269287229955523 8545320569633366442 N

អត្ថបទដោយ៖ SOKLY SO-កូនផ្កាឈូក

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia