នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ផ្ទៃដីទំហំជិត៦០ហិកតា ស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញនាខាងមុខព្រះបរមរាជវាំង នឹងត្រៀមបើកដំណើរការផ្លូវថ្មើរជើងដែលជាតំបន់ Pub Street សម្រាប់ប្រជាជនកម្សាន្ដ នៅខែមករាឆ្នាំ២០២៥នេះ។
ខណៈផ្លូវថ្មើរជើងនេះនឹងត្រូវបានបែងចែកជា៣តំបន់ ដោយនៅតំបន់ទី១និងតំបន់ទី២ គឺមិនអនុញ្ញាតឱ្យមានយានយន្តធ្វើចរាចរណ៍នោះឡើយ។
បើតាម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ដើម្បីឱ្យការរៀបចំបើកដំណើរការផ្លូវថ្មើរជើង នេះបានដំណើរការទៅដោយរលូន ជាជំហានដំបូងគឺបើកផ្លូវថ្មើរជើងនេះ ចាប់ពីរៀងរាល់ល្ងាចថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។
ក្នុងនោះដែរនឹងមានការប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ ការរៀបចំចំណតនិងបង្គន់អនាម័យ តុបតែងភ្លើងលម្អ រៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដើម្បីធ្វើទៅដោយល្អប្រសើរនិងរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថាគម្រោងផ្លូវថើ្មរជើងរាជធានីភ្នំពេញនេះ ត្រូវបានបែងចែកជា៣តំបន់ ដោយតំបន់ទី១មានទំហំជាង ៣ហិកតា នៅមុខប្រៃសណីយ៍ ដែលលាតសន្ធឹងពីផ្លូវបក្សីចាំក្រុង ដល់ផ្លូវព្រះស៊ីសុវត្ថិ ដល់ផ្លូវ១០៦និងផ្លូវលេខ១៣។
ឯតំបន់ទី២ គឺមានទំហំជាង២០ហិកតា គឺលាតសន្ធឹងពីផ្លូវលេខ១០៦រហូតមកដល់ ផ្លូវលេខ១៥៤មុខវត្តឧណ្ណាលោម។
ចំពោះតំបន់ទី៣ដែលមានទំហំផ្ទៃដីជាង៣០ហិកតា លាតសន្ធឹងពីសួនមាត់ទន្លេ សួនមុខវត្តបុទុមវត្តី រហូតដល់សួនច្បារសម្តេចតេជោហ៊ុនសែន ដោយតំបន់ទី៣នេះគឺបើកឱ្យធ្វើដំណើរចរាចរណ៍ធម្មតា៕
សូមទស្សនាប្លង់មេគំរូរបស់ផ្លូវថ្មើរជើង និងផ្លូវពង្វាងចរាចរណ៍៖
អត្ថបទដោយ៖ ពីង ជូអេង