Phillip Bank ដាក់សម្ពោធ “គណនីសន្សំសុវត្ថិភាពឌីជីថល” សម្រាប់អតិថិជន
Sreymom ChaSEPTEMBER 9 2025

ភ្នំពេញ ថ្ងៃទី 09 កញ្ញា 2025 – Phillip Bank ដែលជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់នៅក្នុងប្រទេសកម្ពុជា បានដាក់ឲ្យដំណើរការនៃ គណនីសន្សំសុវត្ថិភាពឌីជីថល ដែលជាមុខងារគណនីសន្សំ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យអតិថិជននូវការការពារកាន់តែរឹងមាំ និងរក្សាសន្តិភាពផ្លូវចិត្ត នៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ។

 

ទន្ទឹមនឹងការកើនឡើងនៃការក្លែងបន្លំ និងបោកប្រាស់តាមប្រព័ន្ធឌីជីថល គណនីសន្សំសុវត្ថិភាពឌីជីថល ផ្តល់ជូនអតិថិជននូវប្រព័ន្ធសុវត្ថិភាពបន្ថែមទៀត។ ទឹកប្រាក់ដែលបានដាក់បញ្ចូលទៅក្នុង គណនីសន្សំសុវត្ថិភាពឌីជីថល នឹងមិនអាចដក ឬផ្ទេរតាមរយៈបណ្តាញឌីជីថលបានទេ លុះត្រាតែអតិថិជនធ្វើដំណើរទៅសាខាដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយបុគ្គលិកសាខាផ្ទាល់តែម្តង។ ដំណើរការទាំងអស់នេះ អាចធានាបានថា ទោះបីជាទូរស័ព្ទរបស់អតិថិជនត្រូវបានបាត់ ឬលួចក៏ដោយ ក៏គណនីសន្សំរបស់ពួកគាត់នៅតែត្រូវបានការការពារបានល្អជានិច្ច។

 

បន្ថែមពីលើការការពង្រឹងសុវត្ថិភាពមួយនេះ អតិថិជននៅតែបន្តទទួលបានអត្ថប្រយោជន៍ពីដូចគណនីសន្សំធម្មតាដូចដើ​ម។ គណនីសន្សំសុវត្ថិភាពឌីជីថល ផ្តល់ជូននូវអត្រាការប្រាក់ប្រចាំខែ ភាពបត់បែនដោយគ្មានការកំណត់ និងអាចប្រើប្រាស់បានទាំងរូបិយបណ្ណដុល្លារ និង​រៀល ។ អតិថិជនក៏អាចធ្វើការបញ្ចូលទឹកប្រាក់បន្ថែមទៅក្នុង គណនីសន្សំសុវត្ថិភាពឌីជីថល របស់ពួកគេបានគ្រប់ពេលវេលា និងទីកន្លែងតាមរយៈកម្មវិធី Phillip Mobile ដើម្បីបង្កើនភាពងាយស្រួលបន្ថែមទៀតក្នុងការបង្កើនប្រាក់សន្សំនិងរក្សាសុវត្ថិភាពគណនីផងដែរ។

 

ដំណើរការនៃការបង្កើតគណនីសន្សំសុវត្ថិភាពឌីជីថល គឺមានភាពសាមញ្ញ និងងាយស្រួល។ អតិថិជនអាចបើកដំណើរការមុខងារនេះដោយផ្ទាល់តាមរយៈកម្មវិធី Phillip Mobile ដោយមិនបាច់ធ្វើឯកសារ ឬធ្វើដំណើរទៅសាខាឡើយ។
លោក ចាន់ ម៉ាច អគ្គនាយកនៃ Phillip Bank បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការនៃមុខងារថ្មីនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារលើការរួមបញ្ចូលការច្នៃប្រឌិតជាមួយនឹងសុវត្ថិភាពអតិថិជន។
«Phillip Bank តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីការពារអតិថិជន ប្រឆាំងនឹងការកើនឡើងនឹងការបោកប្រាស់តាមប្រព័ន្ធឌីជីថល។ យើងដឹងថាអតិថិជនជាច្រើនតែងតែចង់ឲ្យការសន្សំរបស់ពួកគេមានសុវត្ថិភាព។ គណនីសន្សំសុវត្ថិភាពឌីជីថល ត្រូវបានរចនាឡើងដើម្បីផ្តល់នូវស្រទាប់ការពារបន្ថែម និងសេចក្តីសុខផ្លូវចិត្តជាងមុន។ គណនីសន្សំសុវត្ថិភាពឌីជីថល អាច​ធានាបាន​ថា​ ការ​សន្សំប្រាក់ដោយ​ពិបាក​របស់​អតិថិជន​នៅ​តែ​មានសុខ​សុវត្ថិភាព ទោះ​បី​ជា​ការ​គំរាម​កំហែង​តាមរយៈប្រព័ន្ធ​អ៊ីនធឺណិតនៅតែ​បន្ត​វិវឌ្ឍ​យ៉ាង​ណា​ក៏​ដោយ។»

 

មុខងារ គណនីសន្សំសុវត្ថិភាពឌីជីថល ឥឡូវនេះមាននៅលើកម្មវិធីធនាគារ Phillip Mobile  ដែលជាចំណុចសំខាន់មួយទៀតក្នុងដំណើររបស់ធនាគារក្នុងការនាំយកការច្នៃប្រឌិតប្រកបដោយទំនុកចិត្ត និងស្តង់ដារអន្តរជាតិមកកម្ពុជា។

 

អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែល​មាន​ទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី​ និងត្រូវ​បាន​បង្កើតឡើងតាំងពីឆ្នាំ​ 1975។ ធនាគារ ហ្វីលីព ​ផ្តល់​ជូន​សេវាកម្ម​ និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាម​តម្រូវ​ការ​របស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល ក៏ដូចជាការបើកដំណើរការនៅ 15 ប្រទេសផ្សេងទៀត។ ​ ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ និងជាធនាគារពាណិជ្ជខ្នាតមធ្យមមួយនៅក្នុងប្រទេសកម្ពុជា ដែលមាន​​ច្រើន​ជាង 70 សាខា ទូទាំងប្រទេស។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia