នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិហក់ឡើងខ្ពស់មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត។ ហើយបើគិតត្រឹមរសៀលថ្ងៃទី៩ខែកញ្ញានេះ ហាងឆេងមាសអន្តរជាតិបានឡើងដល់៣៦៥០ដុល្លារក្នុងមួយអោន(ស្មើនឹង៤៣៩៧ដុល្លារក្នុងមួយតម្លឹង) ឬស្មើនឹង៤៤០ដុល្លារក្នុងមួយជី។
បើហាងឆេងមាសហក់ឡើងកាន់តែខ្ពស់បែបនេះ បើចង់ទិញមាសទុកពេលនេះតើល្អទេ?
ជុំវិញសំណួរខាងលើ លោក កង លីដា ប្រធានគ្រប់គ្រង ហានិភ័យនៃក្រុមហ៊ុន Golden Fortune Derivatives Exchange Co.,Ltd ដែលជាក្រុមហ៊ុនផ្ដល់សេវាប្រឹក្សាវិនិយោគលើហាងឆេងមាសអន្តរជាតិបានឲ្យដឹងថាជាយោបល់របស់លោកផ្ទាល់ លោកណែនាំថាបងប្អូនមិនគួរទាន់ទិញមាសនៅពេលនេះទេខណៈមាសបានបំបែកកំណត់ត្រាថ្មីនៅតម្លៃ៣៦៥០ដុល្លារក្នុងមួយអោន។
លោកបានឲ្យដឹងទៀតថាប្រសិនបើបងប្អូនចង់ទិញមាស លោកណែនាំឲ្យរងចាំតំបន់សុវត្ថិភាពរបស់មាសនៅតម្លៃ៣៤៣៥ដុល្លារក្នុងមួយអោន(ស្មើនឹង៤១៣៨ដុល្លារក្នុង១តម្លឹង)ឬនៅក្នុងរយៈពេលខ្លីនៅតម្លៃ៣៥៧៥ដុល្លារក្នុងមួយអោនព្រោះមាសអាចនឹងវិលមករកតម្លៃនេះ។
លោកក៏បានណែនាំបន្ថែមទៀតថាសម្រាប់បងប្អូនដែលមានមាសក្នុងដៃស្រាប់ មិនគួរទាន់លក់ចេញនោះទេពោលគឺរងចាំបន្តិចទៀតអាចរហូតដល់ខែមករាឆ្នាំ២០២៦។ ត្រង់នេះលោកបង្ហើបថាមាសអាចនឹងបន្តឡើងបន្ថែមទៀតដោយសារតែទិន្នន័យនៃការរំពឹងទុកនៃការទម្លាក់ការប្រាក់ដុល្លារពីធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកក្នុងពេលខាងមុខ។ ជាពិសេសកត្តាតម្រូវការមាសតាមរដូវកាលនៅចុងឆ្នាំ២០២៥ក៏ដូចជាដើមឆ្នាំ២០២៦ដោយសារមានពិធីបុណ្យធំៗនៅឥណ្ឌានិងពិធីបុណ្យប្រទេសចិនជាដើម។
គួរបញ្ជាក់ផងដែរថាកត្តាធំដែលនៅពីក្រោយការរុញតម្លៃមាសឲ្យកាន់តែឡើងខ្ពស់មិនធ្លាប់មានគឺដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលកំពុងមានវិបត្តិនៅឡើយ ដោយក្នុងនោះរួមមានបញ្ហាអតិផរណា នយោបាយសកល បញ្ហាពន្ធគយ វិបត្តិហិរញ្ញវត្ថុ។ ជាពិសេសកត្តាតម្រូវការមាសថ្មីៗនេះ ដោយមានធនាគារកណ្ដាលប្រទេសចិនបានប្រមូលទិញមាសចំនួន២តោនសម្រាប់ខែសីហាឆ្នាំ២០២៥ដែលជាកត្តារុញតម្លៃមាសឲ្យមានការកើនឡើងរយៈពេលវែង។
សម្រាប់បងប្អូនដែលចង់ស្វែងយល់ពីការវិនិយោគលើហាងឆេងមាសអន្តរជាតិដើម្បីបង្កើតប្រភពចំណូលបន្ថែមក៏ដូចជារកចំណូលពីការវិនិយោគហាងឆេងមាសអន្តរជាតិ អាចតាមដានផេក Golden Fortune Derivatives Exchange៕