យើងធ្លាប់បានដឹងនិងសិក្សាជាច្រើនរួចមកហើយទាក់ទងទៅនឹងការគ្រប់គ្រងនិងបែងចែកចរន្តសាច់ប្រាក់ឲ្យបានត្រឹមត្រូវ។ ក៍ប៉ុន្តែមនុស្សមួយចំនួននៅមិនទាន់សម្រេចភាពជោគជ័យលើផ្នែកហិរញ្ញវត្ថុរបស់ពួកគេបាននៅឡើយទេ ដោយសារកំហុសឆ្គងមួយចំនួនក្នុងជីវភាពប្រចាំថ្ងៃដែលយើងមិនបានចាប់អារម្មណ៍។
តើកំហុសឆ្គងទាំងនោះមានអ្វីខ្លះ? ទន្ទឹមនឹងបញ្ហានេះ លោក Phil Town បានលើកបង្ហាញកំហុសឆ្គងមួយចំនួនក្នុងផ្នែកហិរញ្ញវត្ថុដែលធ្វើអោយអ្នកស្តាយក្រោយក្នុងថ្ងៃខាងមុខ៖
វាពិតជារឿងអាក្រក់ណាស់ ប្រសិនបើយើមិនមានប្រាក់ត្រៀមសម្រាប់ស្ថានភាពបន្ទាន់ទេនោះ។ យើងមិនអាចដឹងមុខបានទេថាថ្ងៃស្អែកមានរឿងអ្វីកើតឡើង ជួនកាលយើងអាចមានជំងឺ ឬសមាជិកគ្រួសារមានជំងឺ បាត់បង់ការងារ ឬក៍ត្រូវការប្រាក់សម្រាប់ស្ថានភាពបន្ទាន់អ្វីមួយ ហើយបើពេលនោះយើងមិនមានប្រាក់ត្រៀមទេ វានឹងធ្វើឲ្យយើងធ្លាក់ទៅក្នុងស្ថានភាពអាក្រក់ជាមិនខាន។ បន្ថែមពីនេះ ប្រាក់ត្រៀមសម្រាប់ស្ថានភាពបន្ទាន់ យើងត្រូវត្រៀមទុកមុនយ៉ាងហោចណាស់ក៏រយៈពេល ៦ខែដែរ ព្រោះវាអាចមានលទ្ធភាពជួយយើងឲ្យគ្រប់គ្រងស្ថានភាពបន្ទាន់ទាន់ពេលវេលា។
២/. ភ្លេចអំពីការសន្សំប្រាក់ដោយស្វ័យប្រវត្តិ
នេះជាកំហុសធំមួយដែលមនុស្សភាគច្រើនចូលចិត្តចំណាយមុនសន្សំ ដោយពួកគេយល់ថា ពួកគេគួតែយកប្រាក់ដែលរកបានទៅទិញរបស់របរ និងចាយវាយទៅតាមចំណង់របស់ខ្លួន ហើយបន្ទាប់មកលុយទាំងនោះអាចនឹងអស់ឬនៅសល់ពីការចំណាយបន្តិចបន្តួច ពួកគេក៏យកមកសន្សំទុក។ ដើម្បីជៀសវាងកំហុសនេះ យើងត្រូវសន្សំមុនចំណាយ យ៉ាងហោចណាស់ ១០% នៃប្រាក់ចំណូល។ យើងអាចដាក់ប្រាក់ ១០% នេះនៅក្នុងកុងធានាគារផ្សេងដើម្បីធានាថាយើងមិនប៉ះពាល់លុយនេះទេ ព្រោះវាជាការសន្សំសម្រាប់វិនិយោគ និងបង្កើតអាជីវកម្មនៅថ្ងៃអនាគតរបស់យើង។
៣/. គ្មានការធានារ៉ាប់រងសុខភាព
អ្នកប្រហែលគិតថាវាមិនចាំបាច់ទាល់តែសោះក្នុងការចំណាយទៅលើការបង់ថ្លៃសេវាធានារ៉ាប់រងសុខភាព។ ត្បិតយើងយល់ថា វាមិនមែនជាបញ្ហាត្រូវព្រួយបារម្ភពេកឡើយ ប៉ុន្តែបើយើងក្រឡេកមើលទៅសង្គមបច្ចុប្បន្នមនុស្សមួយចំនួនកំពុងជួបប្រទះបញ្ហាសុខភាពធ្ងន់ធ្ងរ និងខាតបង់ប្រាក់រួមទាំងពេលវេលាជាច្រើន ដោយសារភាពមិនយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន។ វាអាចធ្វើអោយយើងខាតបង់ច្រើនក្នុងការចំណាយប្រាក់លើការព្យាបាលជំងឺ ហើយអាចធ្វើអោយសុខភាពហិរញ្ញវត្ថុគ្រួសាររបស់យើងធ្លាក់ទៅរកសភាពអាក្រក់ថែមទៀតក៏ថាបាន ព្រោះតែការចំណាយលើសលុបលើថ្លៃព្យាបាល។ ដូច្នេះ យើងគួតែគិតឡើងវិញក្នុងការថែទាំសុខភាព និងធានារ៉ាប់រងសុខភាពរបស់យើង។
៤/. ទិញរបស់ដើម្បីទាញចំណាប់អារម្មណ៍ពីអ្នកដ៍ទៃ
វាមិនមែនជាហេតុផលត្រឹមត្រូវនោះទេ ដែលមនុស្សមួយចំនួនចូលចិត្តទិញរបស់ល្អៗថ្លៃៗដូចជា ឡានទំនើប ផ្ទះតម្លៃខ្ពស់ របស់ប្រែន ដើម្បីចង់ទាញចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន។ ពួកគេបានចំណាយលុយជាច្រើនទៅលើរបស់ទាំងអស់នោះ ដើម្បីតែចង់បង្ហាញពីភាពស៊ីវីល័យ និងភាពហ៊ឺរហារបស់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្តែង យើងមិនចាំបាច់ចំណាយទៅលើរបស់ទាំងនោះច្រើនពេកទេ គ្រាន់តែទិញនូវអ្វីដែលយើងត្រូវការ និងពេញចិត្តនូវអ្វីដែលខ្លួនមានទៅគឺជារឿងល្អណាស់ទៅហើយ។ យើងអាចយកលុយដែលនៅសល់ពីការចំណាយទៅបង្កើតប្រភពចំណូលផ្សេងទៀតកាន់តែល្អ។
៥/. មិនបន្តការអភិវឌ្ឍលើចំណេះដឹង
វាពិតជាគួអោយសោកស្តាយណាស់ដែលមនុស្សមួយចំនួនយល់ថាការបន្តអភិវឌ្ឍលើចំណេះដឹងជារឿងដែលមិនសំខាន់។ ហើយអ្នកខ្លះទៀតដោយរវល់ជាមួយការងារប្រចាំថ្ងៃ និងកាតព្វកិច្ចមួយចំនួន ក៏ភ្លេចលើការអភិវឌ្ឍខ្លួន។ តាមពិតទៅការអភិវឌ្ឍខ្លួនគឺជារឿងដ៏សំខាន់បំផុតសម្រាប់យើងទាំងអស់គ្នា វាធ្វើឲ្យយើងមានចំណេះដឹង និងភាពវៃឆ្លាត ចេះបត់បែនគ្រប់ស្ថានភាព។ ម្យ៉ាងវិញទៀត វាគឺជាម៉ាស៊ីនផលិតលុយដែលយើងចង់បានប៉ុន្មានក៏បានតាមសមត្ថភាព កាន់តែប្រើកាន់តែចម្រើន៕
អត្ថបទដោយ៖ សូ សុខលី (កូនស្មេរចល័តចរ)
លោកអ្នកអាចទំនាក់ទំនងផ្សព្វផ្សាយអាជីវកម្មរបស់អ្នកតាមរយៈទូរស័ព្ទលេខ៖ ០១៥២០២៥៤២