រាប់ចាប់តាំងពីថ្ងៃប្រកួតកីឡាប៉ារ៉ាហ្គេមរយៈពេល៣ថ្ងៃរហូតមកដល់ថ្ងៃបើកពិធីប៉ារ៉ាហ្គេមជាផ្លូវការនៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ អត្តពលិកជនពិការដែលមានសមត្ថភាពមកពីប្រទេសទាំង៣នេះ កំពុងនាំមុខការឈ្នះមេដាយមាស ដោយក្នុងនោះមានប្រទេសកម្ពុជា ថៃនិងឥណ្ឌូនេស៊ី។
ការនាំមុខនេះដែរ អត្តពលិកដែលមានសមត្ថភាពក្នុងកីឡាប៉ារ៉ាឡាំពិកដែលមកពីប្រទេសថៃ បាននាំមុខគេដោយទទួលបានមេដាយមាសចំនួន២គ្រឿង មេដាយប្រាក់ចំនួន១គ្រឿង និងមេដាយសំរិទ្ធិចំនួន១គ្រឿង។ ចំពោះអត្តពលិកនារីរបស់កម្ពុជាវិញក៏បានឈ្នះមេដាយមាស១គ្រឿងដំបូងគេផងដែរលើ ប្រភេទកីឡាបាល់បោះរទេះ វិញ្ញាសា ៣ទល់៣ ក្នុងការប្រកួត។ ខណៈឥណ្ឌូនេស៊ីកំពុងតាមពីក្រោយឈរនៅលេខរៀងទី៣ដោយទទួលបានមេដាយមាសចំនួន១គ្រឿងដែរ។
គួរជម្រាបផងដែរថានាល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ កម្មវិធីបើកព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម បានប្រារព្ធឡើងប្រកបដោយភាពជោគជ័យយ៉ាងមហោឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុនសែន និងលោកជំទាវកត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន និងប្រជាពលរដ្ឋខ្មែរនាពហុកីឡាដ្ឋានជាតិមរតកតេជោ។
សូមបញ្ជាក់ថា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games)គឺជា ព្រឹត្តិការណ៍ពហុកីឡា រយៈពេលពីរឆ្នាំ ដែលធ្វើឡើងបន្ទាប់ពីរាល់ការប្រកួតកីឡាស៊ីហ្គេម ដែលចូលរួមដោយអត្តពលិកពិការមកពី ប្រទេសអាស៊ីអាគ្នេយ៍ ចំនួន១១ប្រទេស។ ព្រឹត្តិការណ៍កីឡានេះបង្កើតឡើងក្នុងគោលបំណង ថាពិការភាពមិនមែនជាឧបសគ្គនៅក្នុងកីឡានោះទេ កីឡាគឺជាស្មារតីរស់ក្នុងសន្តិភាព កីឡានាំមកនូវសាមគ្គីភាព ដូច្នេះជនពិការក៏ត្រូវបានលើកកម្ពស់ឱ្យប្រកួតកីឡាដែរ បើទោះបីជាពួកគេមានពិការភាពអវយវៈអ្វីក៏ដោយរាប់ចាប់តាំងពីពិការដៃ ពិការជើង ឬស្ពឹកស្រពន់ខួរក្បាលជាដើម៕
អត្ថបទដោយ៖ ពីង ជូអេង