អ្នកជំនាញឆ្នើមភ្លក់ម្ភូបអាហារជុំវិញពិភពលោក និងជាគណកម្មការនៅក្នុងកម្មវិធីប្រកួតម្ភូបអាហារដ៏ល្បីឈ្មោះនៅអាមេរិក Top Chef លោកស្រី Padma Lakshmi ជាមនុស្សដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមមួយរូប បានស្ងើចសរសើរម្ភូបខ្មែរ អាម៉ុកដែលធ្វើពីត្រី មិនដាច់ពីមាត់ ក្រោយពីបានមើលរបៀបធ្វើនិងបានភ្លក់អាម៉ុកភ្លាមៗដែលចម្អិនដោយម្ចាស់ហាងអាហារមួយនៅស្រុកខ្មែរ។
នៅលើគេហទំព័រ Facebook ឈ្មោះថា Padma Lakshmi បានបង្ហោះវីដេអូអំពីការធ្វើម្ហូបខ្មែរគឺ អាម៉ុកដែលលោកស្រីបាននិយាយថា “គ្រាន់តែឃើញមុខម្ភូបនេះ ខ្ញុំមិនដាច់ចិត្តដាក់ចូលមាត់សោះ ខ្ញុំគ្រាន់តែចង់ហិតវា ព្រោះក្លិនឈ្ងុយជាខ្លាំង”។
បន្ថែមពីនេះនៅលើវីដេអូដែលបានបង្ហោះកាលពីថ្ងៃ០៩ ខែកក្កដានោះលោកស្រីបានសរសេរថា “ពិតណាស់នេះប្រៀបដូចជា Hamburger នៃម្ហូបខ្មែរ ប៉ុន្តែវានៅជាអាហារដែលមិនប៉ះពាល់សុខភាព មានប្រូតេអ៊ីនខ្ពស់ មានក្លិនឈ្ងុយនិងឆ្ងាញ់ខ្លាំងណាស់! បន្ថែមពីនេះ @simplykhmer បានចែករំលែករូបមន្តនៃការធ្វើគ្រឿងរបស់ម្ហូបនេះដល់ខ្ញុំ ម្យ៉ាងខ្ញុំបានដឹងពីរបៀបនៃការប្រើស្លឹកចេកឱ្យមានប្រយោជន៍បន្ថែមទៀតដល់ការធ្វើម្ហូប”។
គួរជម្រាបផងដែរថា លោកស្រី Padma Lakshmi គឺជាអ្នកនិពន្ធ តារាសម្តែង តារាម៉ូដែល សប្បុរសជន និងជាពិធីករទូរទស្សន៍ជនជាតិឥណ្ឌាកាត់អាមេរិកកាំងមួយរូប។
ស្រ្តីវ័យ៥២ឆ្នាំរូបនេះគឺជាមនុស្សឆ្នើមក្នុងវិស័យម្ហូបអាហារ ដែលទទួលបានការកោតសរសើរជាផលិតករផលិតវីដេអូដ៏មានឥទ្ធិពល១រូបក្នុងចំណាម១០០រូបលើទស្សនាវដ្តី Time ក្រោយពីបានបង្កើតកម្មវិធី Taste the Nation with Padma Lakshmi ដែលបានចេញផ្សាយកាលពីខែ មិថុនា ឆ្នាំ២០២០ នៅលើប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុត Hulu អំពីការស្រាវជ្រាវ ស្វែងយល់អំពីអាហារ វប្បធម៌នៃប្រទេសជាច្រើនទាំងនៅអាមេរិកនិងពិភពលោក។
ចំពោះស្នាដៃនៃការនិពន្ធសៀវភៅ លោកស្រីបានបោះពុម្ភសៀវភៅចំនួន៦ចំណងជើងដែល រៀបរាប់ពីការចម្អិនម្ហូប ការចងក្រងរូបមន្តរបស់ម្ហូប បំណិនជីវិត និងគ្រប់រសជាតិនៃអាហារដែលលោកស្រីបានភ្លក់៕
អត្ថបទដោយ៖ ពីង ជូអេង