ជំនួបរវាងកំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao និងអ្នកប្រដាល់ថៃ Buakaw Banchamek នៅដើមឆ្នាំ២០២៤ខាងមុខនេះ បានអង្រួនបេះដូងអ្នកស្នេហាវិស័យកីឡាប្រដាល់ឲ្យទន្ទឹងរងចាំមើលយ៉ាងអន្ទះសា។
ក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃសុក្រ ទី២១ ខែកក្កដា លោក Vinij អ្នករៀបចំការប្រកួតបានថ្លែងថា៖ «យើងមានកិត្តិយសណាស់ដែលមាន Pacquiao និង Buakaw សម្រាប់ការប្រកួតជាប្រវត្តិសាស្ត្រ ខណៈឱកាសបែបនេះមួយជីវិតមានតែម្តងប៉ុណ្ណោះ»។ ក្នុងនោះលោកបានប៉ាន់ស្មានថា ចំពោះការចំណាយលើការរៀបចំព្រឹត្តិការណ៍នេះឡើងអស់ប្រមាណ ២៥លានដុល្លារ ហើយអ្នកឈ្នះនឹងទទួលបានខ្សែក្រវាត់១គ្រឿង និងប្រាក់រង្វាន់ប្រហែល ៣០ម៉ឺនដុល្លារ។
គួរជម្រាបផងដែរថា ការប្រកួតរវាងជើងខ្លាំងទាំងពីរត្រូវធ្វើឡើងជាលក្ខណៈប្រដាល់សកលដោយប្រើពេល៦ទឹក ក្នុង១ទឹកមាន៣នាទី និងសម្រាក២នាទី ខណៈពេលវេលា និងទីកន្លែងជាក់លាក់ពុំទាន់បញ្ជាក់ច្បាស់នៅឡើយទេ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)