7-Eleven ត្រូវបានមនុស្សទូទៅស្គាល់ថាជាម៉ាតដល់ល្បីឈ្មោះមួយ ដែលបានពង្រីកសាខាជាង ៧៨,០២៩ នៅលើពិភពលោក ក្នុងចំណោមនោះក៏មានសាខាក្នុងប្រទេសកម្ពុជាយើងផងដែរ។ ទន្ទឹមនឹងមានវត្តមានរកស៊ីនៅកម្ពុជាម៉ាត 7-Eleven ក៏មានបងប្អូនមួយចង់ដឹងពីលក្ខខណ្ឌថាធ្វើដូចម្តេចទើបអាចបើកម៉ាតដ៏ល្បីនេះបាន ហើយបើចង់សហការបើកម៉ាតនេះតើត្រូវចំណាយទុនអស់ប៉ុន្មានដែរ។
ជាក់ស្តែង យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ 7-Eleven Cambodia បានឱ្យដឹងថា សម្រាប់អ្នកមានចំណាប់អារម្មណ៍ចង់បើកម៉ាតគឺត្រូវការដើមទុនវិនិយោគដំបូងក្នុងទឹកប្រាក់ចំនួន ២៧០,០០០ដុល្លារ និងលុយតម្កល់ចំនួន ៣៣,៥០០ដុល្លារ។
នៅក្នុងនោះដែរ ចំពោះអ្នកដែលមានទីតាំងស្រាប់ ត្រូវតែបង្ហាញអគារឬដីដែលចង់បើកដោយភ្ជាប់ជាមួយ GPS ទីតាំងព្រមទាំងកម្ររូបភាពនៃទីតាំងដែលចង់បើក ហើយសម្រាប់ការបើកម៉ាតនេះត្រូវការទំហីដី ១៥០ម៉ែត្រការ៉េ ឬទទឹងខាងមុខយ៉ាងតិចក៏ ៨ម៉ែត្រដែរ (២ល្វែងជាប់គ្នា) ចំណែកអ្នកដែលមិនទាន់មានទីតាំងអាចទៅស្វែងរកទីតាំងណាមួយសិនដែលមានសក្តានុពល ហើយត្រូវធ្វើតាមលក្ខខណ្ឌដូចដែលបានរៀបរាប់ខាងលើ ដោយបងប្អូនទាំងអស់គ្នាអាចស្កេនចូលលិខិតខាងក្រោមរួចធ្វើតាមលក្ខខណ្ឌនេះរួចអាចមុខពាក្យ Register បាន។
លើសពីនេះទៀតទៅ ចំពោះឯកសារស្នើសុំដាក់ពាក្យវិញគឺត្រូវមានរូបថត និងច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ ក៏ដូចជាថតចម្លងនៅសៀវភៅគ្រួសារ និងប័ណ្ណស្នាក់នៅព្រមទាំងរបាយការណ៍ធនាគាររយៈពេល ៦ខែផងដែរ។
សូមបញ្ជាក់ថា ម៉ាត 7-Eleven ត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជាដំបូង នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ ដោយក្រុមហ៊ុន CP Group របស់ប្រទេសថៃ បានបើកហាង 7-Eleven ដំបូងគេនៅ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ហើយនាពេលបច្ចុប្បន្ននេះម៉ាតដ៏ល្បីមួយនេះធ្លាប់បានបើកសាខាចំនួន ៦០កន្លែងកន្លងមកហើយនៅក្នុងទីផ្សារស្រុកខ្មែរ៕ សម្រាប់ព័ត៌មានលំអិត ឬចង់សួរព័ត៌មានផ្សេងៗទាក់ទងជាមួយការបើកម៉ាត 7-Eleven លោក-លោកស្រីអាចស្កេនតាមលិខិតខាងក្រោមនេះបាន៕
អត្ថបទ៖ ធី ស្រីល័ក្ខ