ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប ដែលមានជំនាញក្នុង រៀបចំផែនការ អភិវឌ្ឍរចនា ផលិតសាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិត ដែលទាក់ទងនឹងវិស័យដឹកជញ្ជូនសាធារណៈ ដោយកន្រ្តកខ្សែកាប(Cable Car) ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការដឹកជញ្ជូនអ្នកដំណើរប្រកដោយបទពិសោធន៍ និងការច្នៃប្រឌិតខ្ពស់។
ជាមួយគ្នានោះដែរ បើយោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះបានឱ្យដឹងថា ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group និងសហការី ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។
នៅក្នុងជំនួបនេះផងដែរ លោក Peter Vogelmann ដែលជានាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group ក៏ចង់មកវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការ ងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព(Sustainability) និងការគិតគូរដល់បរិស្ថាន(Environmental Friendly) ផងដែរ។
ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងដែលក្រុមហ៊ុនលើកយកមកបង្ហាញនិងបានគូសបញ្ជាក់ពីវិស័យដឹកជញ្ជូនសាធារណៈ ដែលក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងគិតគូរនិង ស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងនិងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ៕