នៅថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៣នេះ ធនាគារជាតិនៃកម្ពុជាបានដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធខេមបូឌានស៊ែស្វីច( CSS) ដែលជាកម្មវិធីមួយអាចឲ្យអ្នកប្រើប្រាស់សេវាធនាគារនៅកម្ពុជាទូទាត់ឆ្លងគ្រឹះស្ថានតាមបណ្ណឥណពន្ធ CSS លើគ្រប់ម៉ាស៊ីនដកលុយ (ATM) និងម៉ាស៊ីនឆូតកាត (POS) របស់គ្រឹះស្ថានជាសមាជិក។
នៅក្នុងពិធីដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធខេមបូឌានស៊ែស្វីច( CSS) លោក ជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ប្រព័ន្ធCSSនេះជួយសម្រួលអ្នកប្រើប្រាស់សេវាធនាគារក្នុងការប្រតិបត្តិការទូទាត់សងប្រាក់ តាមរយៈប័ណ្ណទូទាត់របស់ធនាគារ ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើម៉ាស៊ីនATM ដូចជា ការដកសាច់ប្រាក់ ការពិនិត្យសមតុល្យ ការបោះពុម្ពរបាយការណ៍សង្ខេប ការប្រើប្រាស់សេវាទូទាត់ រហ័ស និងការប្ដូរលេខសម្ងាត់ជាដើម។
តាមពិតទៅប្រព័ន្ធ CSS គឺជាសេវាអន្តរធនាគារដែលអនុញ្ញាតឲ្យអ្នកកាន់កាតATMតែមួយអាចដកលុយចេញពីទូATMរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្សេងៗជាងប្រមាណ៥៦ដែលជាសមាជិកនៃប្រព័ន្ធនេះ។
ឧទាហរណ៍ អ្នកកាន់កាត ATM របស់ធនាគារ អេស៊ីលីដា អ្នកអាចទៅដកលុយនៅទូATM របស់ធនាគារ CIMB និងទូATM ធនាគារផ្សេងៗទៀតជាច្រើនដែលជាសមាជិករបស់ប្រព័ន្ធCSS។
លើសពីនេះ ប្រព័ន្ធCambodian Shared Switch( CSS)អាចធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចជា ផ្ទេរប្រាក់ ពិនិត្យសមតុល្យគណនី បោះពុម្ពរបាយការណ៍សង្ខេប តាមរយៈម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតកាតប្រាសាក់ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។
យ៉ាងណាមិញដើម្បីងាយស្រួលក្នុងការដកប្រាក់ចេញទូATM របស់ធនាគារផ្សេងៗ៥៦គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដោយប្រើប្រាស់កាតATMតែមួយ អ្នកត្រូវស្នើសុំកាត CSS សម្រាប់ដកលុយហើយចំពោះទូATM ដែលអាចដកលុយឆ្លងធនាគារគឺត្រូវដកនៅទូATM ដែលដាក់ផ្លាក់” CSS” នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុឬទីតាំងផ្សេងៗទៀត។
គួរបញ្ជាក់ផងដែរថាចំពោះ ការប្រើប្រាស់កាតតែមួយអាចដកលុយពីទូ ATM ផ្សេងៗបាននៅក្នុងប្រព័ន្ធCSSនេះគឺគេគិតថ្លៃសេវាដកលុយនិងសេវាផ្សេងៗទៀតដោយសេវាគឺអាចខុសៗគ្នាទៅតាមគ្រឹះស្ថាននីមួយៗ៕