ឧកញ៉ា ចេង ខេង បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន CPL ធ្លាប់មានប្រវត្តិធ្លាប់ជាអ្នកជំនួញចិត្តសឿង និងហ៊ានដាក់ពាក្យសន្យាឱ្យខ្លួនឯងថា ប្រសិនបើចេញរកស៊ីបរាជ័យ លោកនឹងសម្រេចចិត្តបួស។ ប៉ុន្តែជាសំណាងល្អ ព្រោះតែការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចង់ជោគជ័យក្នុងមុខជំនួញ បានជួយឱ្យលោករីកចម្រើនក្លាយជាអ្នកជំនួញល្បីឈ្មោះ ចាស់វស្សាក្នុងវិស័យអចលនទ្រព្យជាង ២០ឆ្នាំមកហើយ។
ធ្លាប់មានប្រវត្តិកើតក្នុងគ្រួសារក្រីក្រ លោកបានមានប្រសាសន៍ចាក់ដោតមួយឃ្លាថា “ឱ្យតែយើងព្យាយាម អ្នកមាននឹងក្លាយជាកម្មសិទ្ធរបស់យើង” ដែលទស្សនៈនេះហើយ បានធ្វើឱ្យលោកក្រាញននៀលជាមួយនឹងឧបសគ្គជីវិតរាប់រយជំពូក រហូតអាចច្បាំងយកជ័យជំនះយ៉ាងត្រចេះត្រចង់សម្រាប់ជីវិតរបស់លោក។ តើធ្វើបែបណាដើម្បីក្លាយជាអ្នកមាន ឬធ្វើយ៉ាងណាទើបគេហ៊ានដាក់ទុនឱ្យរកស៊ីទៅ?
ឆ្លើយតបនឹងសំណួរនេះ ឧកញ៉ាបានចែករំលែកនូវរឿងធំ៣ ដែលអ្នកមានភាគច្រើនតែងធ្វើ ហើយអាចក្លាយជាអ្នកមាន ហើយខ្លះទៀតអាចឱ្យគេហ៊ានដាក់ទុនរាប់លានដុល្លារឱ្យរកស៊ី។
១. ភាពស្មោះត្រង់ អុកស៊ីសែនរបស់អាជីវកម្ម
បើអ្នកជាមនុស្សស្មោះត្រង់ វាជាទុនសម្រាប់ទាក់ទាញមនុស្សរាប់លាន ទាក់ទាញមនុស្សពូកែ ហើយគេហ៊ានដាក់ទុនរាប់លានឱ្យរកស៊ី។ ត្រូវដឹងថាបើគេមានលុយរាប់លានដុល្លារ ចង់បោះទុនរកស៊ី គេប្រាកដជារកស៊ីជាមួយនឹងមនុស្សដែលគេជឿជាក់ទុកចិត្ត ហើយមនុស្សដែលគួរឱ្យទុកចិត្តគឺជាមនុស្សស្មោះត្រង់។
២. ភាពឧស្សាហ៍ព្យាយាមមិនបោះបង់
មនុស្សឆ្លាតក៏ដោយ មិនឆ្លាតក៏ដោយ បើសិនជាគាត់ជាមនុស្ស ភាពឧស្សាហ៍ព្យាយាមមិនបោះបង់ គឺគាត់សុទ្ធតែមានឱកាសក្លាយជាអ្នកមាន។ បើសិនជាអ្នកមិនឆ្លាត អ្នកក៏អាចធ្វើរឿងអស្ចារ្យបាន បើសិនជាអ្នកបើកចិត្តរៀនសូត្រ ហើយធ្វើវាឱ្យបានច្រើនដង ដល់រាប់រយ រាប់ពាន់ដង នោះអ្នកនឹងចេះ។
៣. ផ្ដោតលើរឿងតែមួយ
រកស៊ីក្នុងវិស័យអចលនទ្រព្យជាង២០ឆ្នាំ លោកឧកញ៉ាមិនបានធ្វើខ្លួនជាសហគ្រិនសាវ៉ា រកស៊ីមុខរបរនេះ មុខរបរនោះច្រើនមុខនោះទេ ពោលគឺលោកធ្វើខ្លួនជាសហគ្រិនស្មោះស្ម័គ្រ ជាមួយនឹងរបរអចលនទ្រព្យនេះរហូត មិនងាករេ។ ការផ្ដោតលើការរកស៊ីលើរបរតែមួយឱ្យច្បាស់ ឱ្យលេចធ្លោនេះហើយ អាចធ្វើឱ្យមនុស្សអាចរីកចម្រើនដល់ចំណុចកំពូលបាន។
ជារួមមកវិញ លោកឧកញ៉ាក៏ធ្លាប់បានមានប្រសាសន៍ថា បើសិនយើងធ្វើអ្វីមួយបានត្រឹមត្រូវ យើងខំប្រឹងធ្វើតែ១ឆ្នាំ ក៏អាចក្លាយជាអ្នកមានបាត់ទៅហើយ។ អាស្រ័យហេតុនេះ អ្នកត្រូវចាប់ផ្ដើមកសារខ្លួន ឱ្យមាននិស្ស័យជាអ្នកមានចាប់ពីពេលនេះទៅ ព្រោះអនាគតឈ្មោះជាអ្នកមាន គឺជាកម្មសិទ្ធរបស់អ្នក៕
ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9