កាលពីថ្ងៃអាទិត្យទី១៨ ខែមិថុនា ឆ្នាំ២០២៣ មាននាវាមុជទឹកមួយគ្រឿងរបស់ក្រុមហ៊ុន OceanGate ឈ្មោះថាTitan ដែលផ្ទុកមនុស្សចំនួន៥នាក់ ដើម្បីធ្វើដំណើរកម្សាន្តទៅក្នុងបាតសមុទ្រជម្រៅជិត៤គីឡូម៉ែត្រ ត្រូវបានបាត់ដំណឹងសូន្យឈឹងមកទល់នឹងថ្ងៃទី២២នេះ ដែលមានរយៈពេល៤ថ្ងៃទៅហើយ ខណៈអុកស៊ីសែនដែលនៅក្នុងនាវានេះមានត្រឹម៩៦ម៉ោងតែប៉ុណ្ណោះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក CBS News បានឱ្យដឹងពីប្រវត្តិរបស់មនុស្សទាំង៥រូប ដែលបានបាត់ទៅជាមួយនាវាមុជទឹកខ្នាតតូចទៅក្នុងមហាសមុទ្រមួយនេះគឺសុទ្ធសឹងតែជាបុគ្គលឆ្នើម៖
១. លោក Hamish Harding មានវ័យ៥៨ឆ្នាំ គឺជាមហាសេដ្ឋីជនជាតិអង់គ្លេស មានទ្រព្យសម្បត្តិ១ពាន់លានដុល្លារ និងមានភរិយាឈ្មោះថា Linda Harding និងកូនចំនួន២នាក់។ លោកជាអតីតអ្នកបើកយន្តហោះមួយរូប ខណៈនាពេលបច្ចុប្បន្ននេះលោកជាម្ចាស់និងជាអគ្គនាយកនៃក្រុមហ៊ុនសាជីវកម្មឯកជន Action Aviation Harding ដែលផ្គត់ផ្គង់យន្តហោះឯកជន និងឧទ្ធម្ភាគចក្រ។
សារព័ត៌មានជាច្រើន បង្ហាញថាលោកគឺជាអ្នកចូលចិត្តដំណើរផ្សងព្រេងបែបអវកាសនិងក្នុងសមុទ្រ និងធ្លាប់បានបំបែកកំណត់ត្រាពិភពលោក World Guinnesss ។ លោក Harding ក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៦នាក់ក្នុងបេសកកម្មក្រុមហ៊ុន Blue Origin របស់មហាសេដ្ឋី Jeff Bezos ដែលពួកគេបានហោះទៅក្បែរកែមនៃលំហអាកាស។
២. លោក Shahzada Dawood មានវ័យ៤៨ឆ្នាំ គឺជាអ្នកជំនួញជនជាតិអង់គ្លេស-ប៉ាគីស្ថាន មានទ្រព្យសម្បត្តិ១៣៦.៧៣ លានដុល្លារ និងមានភរិយាឈ្មោះថា Christine Dawood និងកូនចំនួន២នាក់។ លោកបានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកទីផ្សារវាយនភណ្ឌពិភពលោកពីសាកលវិទ្យាល័យ Philadelphia នៅសហរដ្ឋអាមេរិក និងសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Buckingham ក្នុងចក្រភពអង់គ្លេស។ សេដ្ឋីរូបនេះបានក្តោបក្តាប់ក្រុមហ៊ុនវិនិយោគ Dawood Hercules ដ៏ចាស់វស្សាមួយនៅក្នុងប្រទេសប៉ាគីស្ថានដែលបន្តពីមរតកពីគ្រួសាររបស់លោក។
៣. យុវជន Suleman Dawood វ័យ១៩ឆ្នាំជាកូនប្រុសរបស់លោក Shahzada Dawood ដែលជាក្មេងប្រុសចូលចិត្តសិក្សាពីវិទ្យាសាស្រ្តនិងជាអ្នកលេងបាល់បោះម្នាក់។ តាមប្រភពពីកាសែត News York បានឱ្យដឹងថាយុវជនជំទង់រូបនេះធ្វើដំណើរទៅតាមឪពុកព្រោះចង់ស្វែងយល់ស៊ីជម្រៅអំពីកប៉ាល់យក្ស Titanic ដែលបានលិចចូលទៅក្នុងសមុទ្រ Atlantic អស់រយៈពេលជាង១០០ឆ្នាំមកហើយនោះ។
៤. លោក Paul-Henri Nargeolet បុរសចំណាស់វ័យ៧៧ឆ្នាំ មានទ្រព្យសម្បត្តិ១.៥ពាន់លានដុល្លារ ដែលលោកត្រូវបានគេឱ្យឈ្មោះថា អ្នករុករកដ៏អស្ចារ្យបំផុតរបស់ Titanic។ យោងតាមរបាយការណ៍ពីក្រុមហ៊ុន OceanGate បានឱ្យដឹងថាបុរសម្នាក់នេះបានធ្វើកិច្ចការងារដ៏អស្ចារ្យជាច្រើនដឹកនាំការរុករកនេះអស់រយៈពេលជាង៣០ឆ្នាំមកហើយ ខណៈលោកគឺជាអ្នកមុជទឹកដ៏ជំនាញម្នាក់ផងដែរ។
៥. លោក Stockton Rush នាយកប្រតិបត្តិវ័យ៦១ឆ្នាំ និងជាម្ចាស់ក្រុមហ៊ុននាវាមុជទឹក OceanGate នេះផងដែរ ហើយក្នុងដំណើរទេសចរណ៍របស់នាវា Titan នេះគឺលោកជាអ្នកបើកនាវាដោយផ្ទាល់។ មានទ្រព្យសម្បត្តិ១២លានដុល្លារ លោក Stockton បានបង្កើតក្រុមហ៊ុននេះក្នុងឆ្នាំ២០០៩។
លោកបានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រផ្នែកវិស្វកម្មអវកាសពីសាកលវិទ្យាល័យ Princeton ក្នុង ១៩៨៤និង MBA ពីសាលាធុរៈកិច្ច Berkeley Haas ក្នុងឆ្នាំ ១៩៨៩។ យោងតាមរបាយការណ៍ពីក្រុមហ៊ុន OceanGate បានឱ្យដឹងថាអ្នកដឹកនាំម្នាក់នេះ បានក្លាយជាអ្នកបើកយន្តហោះ Jet តាំងពីវ័យ១៩ឆ្នាំ ដែលទទួលបានចំណាត់ថ្នាក់ DC-8 Type/Captain នៅវិទ្យាស្ថាន United Airlines Jet Training Institute។
គួរជម្រាបផងដែរថាមកទល់នឹងថ្ងៃទី២២ ខែមិថុនានេះ មិនទាន់មានដំណឹងពីប្រភពណាមួយបញ្ជាក់ថា នាវាមុជទឹកដែលផ្ទុកមនុស្សទាំង៥នាក់ខាងលើបានបង្ហាញវត្តមាននៅលើផ្ទៃសមុទ្រ Atlantic នោះទេ ខណៈនាវានេះបានបាត់ដំណឹង នៅចំណុចជាប់ព្រំប្រទល់រវាងប្រទេសកាណាដានិងសហរដ្ឋអាមេរិក៕
អត្ថបទដោយ៖ ពីង ជូអេង