រដូវធ្លាក់ខ្យល់ ក្មេងតូចងាយឆ្លង! វិធីសាស្រ្ត៣ ណែនាំពី CDC អាមេរិក ការពារខ្លួនពីមេរោគ Norovirus
Ping Chou EngDECEMBER 19 2024155 views

មេរោគ Norovirus គឺកើតមាននៅតំបន់មានអាកាសធាតុត្រជាក់ខ្លាំងដោយភាគច្រើនផ្ទុះឡើងនៅសហរដ្ឋអាមេរិក នឹងងាយកើតទៅលើកុមារតូចៗ ដែលមានប្រព័ន្ធសុំាខ្សោយនារដូវរងារ។ ដោយឡែកកាលពីថ្មីៗនេះសាលារៀនមួយក្នុងខេត្ត Rayong ប្រទេសថៃ មានកូនសិស្សនិងគ្រូបង្រៀន បានឆ្លងមេរោគប្រភេទ Norovirus នេះចំនួន១៤៣៦នាក់។

 

ចំពោះរោគសញ្ញានៃជំងឺនេះមានអាការៈដូចជា ក្អួត ក្តៅខ្លួន រាគរូស ឈឺក្រពះ ឈឺក្បាលនិងឈឺរាងកាយ។ យ៉ាងណាមិញបើតាម មជ្ឍមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក CDC បានណែនាំថាមានវិធីសាស្រ្ត៣ចំណុច អាចការពារខ្លួនពីមេរោគ Norovirus នេះ។

 

១.​ អាហារឆ្អិនល្អ មានអនាម័យ និងក្តៅល្អ៖ លាងបន្លែនិងផ្លែឈើ គ្រឿងសមុទ្រត្រីសាច់ ឱ្យបានស្អាត និងចម្អិនឱ្យបានឆ្អិនល្អ។ ចម្អិន​អយស្ទ័រឱ្យបាន​ហ្មត់ចត់​ នៅ​ក្នុងសីតុណ្ហភាពយ៉ាងហោចណាស់ 145°F។ ចំពោះមេរោគ Norovirus អាចសម្លាប់បានល្អនៅកម្តៅ​យ៉ាងតិច 145°F ហើយសម្រាប់អាហារចម្អិនរហ័សឬចំហុយក៏មិនអាចសម្លាប់មេរោគនេះបានដែរ។

 

២. រៀបចំសម្ភារៈផ្ទះបាយ និងបោកគក់សម្លៀកបំពាក់៖ លាងទុកដាក់ ជ្រុញកាំបិត ផ្ទះបាយធ្វើម្ហូប ឱ្យបានស្អាតល្អជាមួយសាប៊ូក្រោយប្រឡាក់ជាមួយអាហារឆៅរួច ទុកដាក់អាហារឆៅដាច់ឱ្យដោយឡែកពីអាហារឆ្អិន។​ បោកគក់ភ្លាមៗនូវ សម្លៀកបំពាក់ឬសម្ភារៈជាមួយសាប៊ូនិងទឹកក្តៅ ឱ្យបានស្អាតល្អក្រោយប្រឡាក់កំអួតឬលាមក។

 

៣. លាងដៃជាមួយសាប៊ូ៖ វីរុសនេះនឹងមិនអាចសម្លាប់បានដោយប្រើទឹកអាកុលនោះទេ ដូច្នេះចូរចំណាយពេលយ៉ាងហោចណាស់២០វិនាទី ក្នុងការលាងសម្អាតដៃរបស់អ្នកឱ្យបានស្អាតល្អ ជាមួយសាប៊ូនិងទឹក​ ក្រោយចេញពីបង្គន់និងមុនញុំាអាហារ ប្តូរកន្ទបលាមក ឬចាប់កាន់សម្ភារៈផ្សេងៗឱ្យខ្លួនឯងនិងអ្នកដទៃ។

 

សូមបញ្ជាក់ថាមេរោគ Norovirus នេះអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈលាមក ការក្អួត ការប៉ះដោយផ្ទាល់ និងប្រើសម្ភារៈរួម ហើយសម្រាប់បុគ្គលដែលបានប៉ះពាល់ជាមួយវីរុសនេះនឹងបញ្ចេញអាការៈជំងឺនៅរយៈពេល ១២ទៅ២៨ម៉ោង​បន្ទាប់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia