ទម្លាប់ពេលយប់៤យ៉ាង អ្នកមានតែងតែធ្វើ ដើម្បីជួយឱ្យការគេងស្កប់ អាចចាប់ផ្តើមថ្ងៃថ្មីបានល្អបំផុត
Ping Chou EngJULY 22 20231.3 K views

ទម្លាប់អាចដឹកនាំមនុស្សឱ្យធ្វើរឿងជាច្រើនយ៉ាង និងសម្រេចលទ្ធផលដោយមិនដឹងខ្លួនតាមរយៈការប្រព្រឹត្តវាដដែលៗជារៀងរាល់ថ្ងៃ ទម្លាប់ខ្លះហុច ផលល្អនិងទម្លាប់ខ្លះហុចផលមិនល្អ។

យ៉ាងណាមិញខាងក្រោមនេះគឺជាទម្លាប់៤យ៉ាងដែលនាំឱ្យមានជីវិតស្រស់ថ្លា អាចចាប់ផ្តើមថ្ងៃស្អែក ដែលអ្នកមានៗតែងអនុវត្តន៍នៅពេលយប់របស់ពួកគេបន្ទាប់ពីធ្វើការងារមួយថ្ងៃពេញរួចមក។ 

១. ទម្លាប់អានសៀវភៅ ឬស្ដាប់វីដេអូចំណេះដឹង

ការប្រើប្រាស់បណ្តេញសង្គមបន្ទាប់ពីចប់ពីការងារគឺជារឿងទូទៅហើយនៅសម័យស្មាតហ្វូននេះ។ ជំនួសឱ្យការអានសារអេឡិចត្រូនិចនិងសៀវភៅឌីជីថលផ្សេងៗ ទម្លា​ប់នៃការអានសៀវភៅគឺជាពេលវេលាដែលអាចធ្វើឱ្យយើងនៅជាមួយខ្លួន​ឯងដោយគ្មានការរំខាន ព្រមទាំងស្ងប់អារម្មណ៍ផងដែរ។ បន្ថែមពីនោះការស្តាប់វីដេអូចំណេះដឹង មើលកម្មវិធីអប់រំ និងស្តាប់ Podcast ផងដែរដែលនាំឱ្យយើងមានគំនិតច្រើន មានការសម្រេចចិត្តបានល្អ។ ជាក់ស្តែងដូចជាមហាសេដ្ឋី Bill Gates ដែលជាអ្នកមានលំដាប់ទី៤លើលោកគាត់គឺជាមនុស្ស ដែលចូលចិត្តការអានសៀវភៅបំផុត នៅពេលយប់ ដោយជារៀងរាល់ថ្ងៃ គាត់ចំណាយពេលប្រហែលជា១ម៉ោង ដើម្បីអានសៀវភៅមុននឹងគាត់ចូលគេង។

២. ទម្លាប់រៀបចំផែនការត្រូវធ្វើថ្ងៃស្អែកឱ្យរួចរាល់

មនុស្សជាច្រើនគិតថា​ឱ្យតែថ្ងៃនេះរួចរាល់ចាំស្អែកចាំគិតទៀត តែអ្នកមានទម្លាប់រស់នៅល្អគេមិនគិតដូច្នេះទេ ពួកគេមានទម្លាប់រៀបចំផែនការសម្រាប់ថ្ងៃស្អែកជានិច្ច។ មនុស្សដែលមានទម្លាប់ហត់ច្មត់លើការងារដែលគាត់ធ្វើ អាចធ្វើឱ្យការគ្រប់គ្រងគោលដៅរបស់គាត់បានល្អ ដែលទាំងអស់នេះវាកើតចេញមកពីការឱ្យតម្លៃពេលវេលា មិនមើលស្រាលការងារយកពេលវេលាដែលកំពុងមានទៅធ្វើការងារមានប្រយោជន៍បានច្រើនតាមដែលអាចធ្វើទៅបាន ដូចពាក្យមួយគេនិយាយថា ឱកាស និង ការរៀបចំទុកមុនបានជួបគ្នា គឺជាវេលាដែលភាពជោគជ័យបានកើតឡើង។ ដូច្នេះក៏រៀបចំផែនការការងារទុកមុនធ្វើគឺជាវិធីល្អដើម្បីឱ្យគោលដៅកាន់តែដើរទៅមុខ។

៣. ទម្លាប់ឆ្លុះបញ្ចាំងអ្វីដែលខ្លួនបានធ្វើ

ចូរប្រើពេលវេលានៅម្នាក់ឯងឱ្យបាន២០នាទីក្នុងមួយថ្ងៃ ដើម្បីឆ្លុះបញ្ចាំងនូវអ្វីដែលខ្លួនឯងបានធ្វើ ដើម្បីដាស់ស្មារតីថាខ្លួនឯងថ្ងៃនេះបានធ្វើអ្វីខ្លះខុសនិងត្រូវ ដើម្បីងាយស្វែងរកផ្លូវដោះស្រាយលឿននិងមិនសូវបង្កឱ្យកើតមានកំហុសដដែលៗនោះទេ។ ទម្លាប់បែបនេះអាចធ្វើឱ្យស្គាល់ពីខ្លួនឯងច្បាស់ ដឹងថាខ្លួនឯងត្រូវការអ្វី ចេះមើលឃើញពីហេតុនិងផល ព្រមទាំងអាច ពិចារណាបានល្អិតល្អន់ផងដែរ។

៤. ចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់

ការងារជាឃ្លាំងនៃទ្រព្យសម្បត្តិ មនុស្សជាទីស្រឡាញ់គឺជាឃ្លាំងប្រភពនៃថាមពលនិងសុភមង្គល។ ការចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់វាជួយឱ្យមនុស្សក្នុងគ្រួសារអាចស្វែងយល់ពីគ្នា មើលឃើញអំពីបញ្ហាដែលនៅចំពោះមុខនិងរួមគ្នាស្វែងរកដំណោះស្រាយ។ ការដែលមានទម្លាប់ចំណាយពេលវេលាជាមួយគ្រួសារគឺជាទម្លាប់ដែលមនុស្សមា្នក់ៗគួរតែកុំមើលរំលងដើម្បីឱ្យជីវិតមានភាពស្មើគ្នាជាមួយការងារ ទើបជីវិតយើងកាន់តែរីកចម្រើន ឱ្យដូចពាក្យគេថាសុភមង្គលគ្រប់យ៉ាងគឺកើតចេញពីខាងក្នុងផ្ទះ ហើយក្នុងផ្ទះមានសុភមង្គលគឺកើតចេញពីក្នុងចិត្ត៕

អត្ថបទដោយ៖ ពីង ជូអេង  

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia