កសិករខ្មែរ មានសង្ឃឹមហើយ! លោកជំទាវ អ្នកឧកញ៉ា សុខ សុភាព អគ្គនាយិការក្រុមហ៊ុនឆេមពានគ្រុប បានបង្កើតកម្មវិធី សាទរដំឡូងខ្មែរ ដោយដឹកនាំសិល្ប:ករល្បីៗ និងបុគ្គលិកក្រុមហ៊ុនឆេមពានគ្រុប ចុះទៅថតផ្សព្វផ្សាយ ពីសក្កានុពលដំឡូងខ្មែរ ដល់ចំការនៅ ស្រុកសំពៅលូន ខេត្ត បាត់ដំបង ។
លោកជំទាវបានថ្លែងទៅកាន់កសិករថា៖ ដោយសារនាងខ្ញុំជាកូនខ្មែរ ហើយក៏បានបង្កើតក្រុមហ៊ុនឆេមពានគ្រុបក៏ជារបស់ខ្មែរ ហេតុដូចនេះនាងខ្ញុំតែងមានបំណងចង់លើកស្ទួយផលិតផលខ្មែរ។ តាមពិតដំឡូងខ្មែរយើងពិតជាមានគុណភាព និងរសជាតិឆ្ងាញ់ បើយើងនាំគ្នាជួយផ្សព្វផ្សាយគាំទ្រដំឡូងខ្មែរ នោះដំឡូងខ្មែរយើងនឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយទីផ្សារដំឡូងរបស់បងប្អូនកសិករយើង ក៏នឹងកើនឡើងដែរ ។
នៅក្នុងថ្ងៃនោះដែរលោកជំទាវ បានគាំទ្រដំឡូងខ្មែរដោយជាវដំឡូងពីបងប្អូនកសិករ ចំនួន៣តោន យកទៅរាជធានីភ្នំពេញ ហើយលោកជំទាវនឹងបង្កើតកម្មវិធីប្រគំតន្រ្តីហ្រ្គីត សារទរដំឡូងខ្មែរ ដើម្បីដាក់បង្ហាញដំឡូងខ្មែរ ជូនដល់មហាជនផងដែរ លើសពីនេះទៅទៀត ក្រុមហ៊ុនឆេមពានគ្រុបក៏បានសហការជាមួយចុងភៅជំនាញល្បីឈ្មោះ ដើម្បីបង្កើតរូបមន្ត ដំឡូងបំពង ដែលមានរសជាតិប្លែកៗ ហើយសម្រេចបានលទ្ធផលល្អ គឺមានរសជាតិស្រួយឆ្ងាញ់ជាប់ចិត្ត ក្នុងនោះមានរសជាតិ សារ៉ាយ រសជាតិអំបិលម្ទេស រសជាតិដើមOriginal និងរសជាតិស៊ីឆ័ន ដំឡូងដែលទិញចំនួន៣តោននឹងចម្អិនចែកជូនបងប្អូនដោយឥតគិតថ្លៃ នៅរាជធានីភ្នំពេញ និងជនបរទេសអោយស្គាល់អំពីរសជាតិឈ្ងុយឆ្ងាញ់របស់ដំឡូងបំពងខ្មែរ ហើយលោកជំទាវបានដាក់ឈ្មោះអោយថា Cambodian Chip។
លោកជំទាវ មានគម្រោងសហការជាមួយនឹងចុងភៅដើម្បីបង្កើតដំឡូងមួយបែបទៀតដែលមានឈ្មោះថា Cambodian Fried និងសំណូមពរដល់ម្ចាស់ភោជនីយដ្ឋាន ទាំងក្នុងប្រទេស និងនៅក្រៅប្រទេសទាំងអស់ ដែលមានមុខម្ហូបប្រើជាមួយ French Fried សូមបងប្អូនជួយប្រើ Cambodian Fried ជំនួសវិញ ដើម្បីសរបញ្ជាក់អត្តសញ្ញាណជាតិយើង និងអោយបរទេសបានឃើញ និងទទួលស្គាល់ថា Cambodian Fried ដែលធ្វើចេញពីដំឡូងខ្មែរគឺពិតជាមានរសជាតិឆ្ងាញ់ មិនចាញ់ដំឡូងបរទេសឡើយ។
នេះគឺជាការរួមចំណែកក្នុងការជួយលើកស្ទួយកសិផលខ្មែរ នឹងជួយអោយទីផ្សារដំឡូងខ្មែរមានតម្រូវការកាន់តែច្រើន។ ខ្មែរជួយខ្មែរ! ខ្មែរគាំទ្រផលិតផលខ្មែរ! សង្ឃឹមថាកម្មវិធីសាទរដំឡូងខ្មែរ នឹងទទួលការគាំទ្រកាន់តែច្រើនពីសំណាក់បងប្អូនទូទាំង ប្រទេស៕