បេឡាជាតិសន្តិសុខសង្គម សរសេរអក្សរកាត់ថា ប.ស.ស. ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជន តាមរយ:ការផ្តល់នូវតាវកាលិក (ប្រាក់ឧបត្ថម្ភ) លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកប្រាក់សោធន។
ជាមួយគ្នានោះដែរ នាពេលបច្ចុប្បន្ននេះមិនថាបងប្អូនដែលកំពុងតែបម្រើការងារនៅក្រុមហ៊ុនឯកជន ឬការងាររដ្ឋនោះទេ សុទ្ធសឹងតែមានប័ណ្ណសមាជិក ប.ស.ស ទាំងអស់។ ប៉ុន្តែនៅក្នុងករណីនេះក៏មានបងប្អូនមួយចំនួនមានចម្ងល់ថា ករណីពួកគាត់ផ្លាស់ប្តូរការងារថ្មីតើតម្រូវឱ្យប្តូរប័ណ្ណសមាជិក ប.ស.ស ថ្មី ឬយ៉ាងណាដែរ?
នៅក្នុងករណីនេះដែរ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ច្បាស់ៗថា “ប្រសិនបើលោកអ្នកផ្លាស់ប្ដូរការងារថ្មី នោះមិនតម្រូវឱ្យប្ដូរប័ណ្ណសមាជិក ប.ស.ស. ថ្មីនោះទេ ដោយលោកអ្នកគ្រាន់តែបង្ហាញប័ណ្ណសមាជិក ប.ស.ស. ចាស់របស់អ្នក ទៅឱ្យរដ្ឋបាលក្រុមហ៊ុន រោងចក្រ សហគ្រាសថ្មី និងបញ្ចូលលេខអត្តសញ្ញាណ ប.ស.ស. ដែលមាននៅលើប័ណ្ណ និងបង់ភាគទានបន្ដមក ប.ស.ស. ជាការស្រេច”។
គូសបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែមទាក់ទងជាមួយនឹងបញ្ហានេះឬបងប្អូនមានចម្ងល់ផ្សេងៗ សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម៕