បច្ចុប្បន្នមានប្រជាកសិករប្រមាណជា ៨០ទៅ ៨៥ភាគរយ នៅក្នុងប្រទេសកម្ពុជាកំពុងតែប្រកបរបរកសិកម្ម ដោយក្នុងនោះមានទាំងការចិញ្ចឹមសត្វ ដាំដំណាំគួបផ្សំរួមទាំងស្រូវផងដែរ។ហើយទាក់ទងនឹងការដាំដុះស្រូវនេះដែរ ប្រជាកសិករយើងភាគច្រើននិយមដាំប្រភេទស្រូវរំដួល នាងមិញ សែនក្រអូប និងប្រភេទស្រូវខ្លីជាដើម ព្រោះប្រភេទស្រូវទាំងនោះងាយស្រួលក្នុងការនាំចេញទៅលក់ទាំងក្នុងនិងក្រៅប្រទេស។
ដោយឡែកកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកជំនាញស្រូវអង្រខ្មែរ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញស្រូវអង្ករល្បីឈ្មោះម្នាក់នៅកម្ពុជា បានណែនាំឱ្យប្រជាកសិករយើងដាំនូវស្រូវមួយប្រភេទឈ្មោះ នាងអំ ដែលជាពូជស្រូវប្រណិត កំពុងមានទីផ្សារល្អ ងាយស្រួលថែទាំ និងទទួលបានទិន្នផលខ្ពស់។ស្រូវនាងអំ ជាពូជបុរាណដែលទំនងកើតពីមួរដែលដុះក្រោយពីប្រមូលផលស្រូវចម្ការរួច បានប្រមូលទុកពូជដោយ លោកយាយម្នាក់ឈ្មោះ អំ នៅកំឡុងទសវត្សទី៨០ ក្នុងខេត្តក្រចេះ។ អង្ករនាងអំ មានខ្លិនក្រអូបប្រហើរ និងមានរស់ជាតិឆ្ងាញ់ក្រអួន ហើយមានទម្ងន់ធ្ងន់ជាងអង្ករនានា (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ២០១៨)។
ជាមួយគ្នានេះ បើយោងតាមសម្តីលោកស្រី ឈឺន សុភាសី ម្ចាស់ហាងអង្ករស្រីមុំ៩៩ (Srey Mom99) កំពុងដាំដុះផ្ទាល់លើផ្ទៃដីជាង ២០០ហិកតា បានឱ្យដឹងផងដែរថា ពូជស្រូវនាងអំនេះអាចធ្វើបានតែម្តងគត់ក្នុងមួយឆ្នាំនៅរដូវវស្សា ហើយប្រមូលផលនៅចន្លោះពាក់កណ្តាលខែវិច្ឆិកា។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នស្រូវនាងអំ ត្រូវបានធ្វើការដាំដុះច្រើននៅក្នុងខេត្តព្រះវិហារ កសិករបានធ្វើកសិកម្មតាមកិច្ចសន្យាដោយផលិតស្រូវសរីរាង្គស្រូវស (ស្រូវនាងអំ និងនាងអុក) ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនចំនួន ០៣ គឺក្រុមហ៊ុន អេម រុរ៉ាយិ៍ (AMRU RICE) ក្រុមហ៊ុនស៊ិកនេឈ័រអហ្វអេស៊ា (SIGNATURE OF ASIA) និងក្រុមហ៊ុនហ្គោលឌិនរ៉ាយ (GOLDEN RICE) សរុបចំនួន ៦,៧៥៣,១៩០គីឡូក្រាម ក្នុងតម្លៃស្រូវសើមចន្លោះពី ៩៦០រៀល ទៅ ១១០០រៀល ក្នុងមួយគីឡូក្រាម (CEN, 2021)៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង