ជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកខេត្ដតាកែវ ខណៈថ្មីៗនេះ ក្រុមហ៊ុនធំមួយ បានបោះទុនវិនិយោគចំនួន ៧.៥ លានដុល្លារបង្កើតរោងចក្រនៅក្នុងទឹកដីស្រុក ត្រាំកក់ និងបានបង្កើតឱកាសការងារជិត ២ ពាន់កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ។
យោងតាមការចុះផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមហ៊ុនដែលបោះទុនវិនិយោគបង្កើតរោងចក្រនេះមានឈ្មោះ NEW TARGET FOOTWEAR (CAMBODIA) CO., LTD” ។ តាមការបញ្ជាក់ពី CDC ក្រុមហ៊ុននេះមានគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩៣៨កន្លែង។
សូមជម្រាបផងដែរ នេះជាគម្រោងវិនិយោគដំបូងគេហើយ ដែលខេត្ដតាកែវនទទួលបានសម្រាប់ឆ្នាំថ្មី២០២៣នេះ ខណៈគម្រោងវិនិយោគដែលខេត្ដមួយនេះទទួលចុងក្រោយគឺ រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ១ កន្លែង និងគម្រោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ស្ថិតនៅក្នុងភូមិកណ្ដឹងតូច ឃុំកណ្ដឹងតូច ស្រុកបាទី ១ កន្លែង កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២។ ហើយគម្រោងរោងចក្រទាំងពីរនេះក៏បានបង្កើតឱកាសការងារជាង ៣ ពាន់កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ៕
អត្ថបទ៖ កឹម ប៊ុនធឿន







