ស្ទើរតែមិនចំណាយទុន! អ្នកស្រី ស្រីមុំ កំពុងសម្រុកពង្រីកការចិញ្ចឹមអង្ក្រង ខណៈការលក់បានថ្លៃ ទីផ្សារមិនខ្វះ
ធី ស្រីល័ក្ខMARCH 20 2023944 views

គេគ្រប់គ្នានៅពេលដែលគិតទៅដល់ការចិញ្ចឹមសត្វ គេតែងនឹកទៅដល់ការចិញ្ចឹមត្រី ខ្យង កន្ធាយ ចិញ្ចឹមមាន់ទាជាដើម ប៉ុន្តែប្លែកអីតែស្រ្តីម្នាក់នេះងាកមកចិញ្ចឹមអង្ក្រងយកពងលក់ ខណៈបច្ចុប្បន្នកំពុងមានភ្ញៀវតាមកម្មង់ទិញជាហូរហែ។

ជាក់ស្តែង ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ Business Cambodia អ្នកស្រី ខែម ស្រីមុំ បានប្រាប់ឱ្យដឹងថា មុននឹងអ្នកស្រីចាប់យករបរចិញ្ចឹមអង្រ្កងនេះអ្នកស្រីជាអតីតកម្មការនីរោងចក្រមួយរូប ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ បានធ្វើឱ្យអ្នកស្រីបាត់បង់ការងារ ទើបនៅចុងឆ្នាំ ២០២២ អ្នកស្រីក៏បានចាប់អារម្មណ៍លើការចិញ្ចឹមអង្ក្រងនេះតែម្តង។អ្នកស្រី ខែម ស្រីមុំ បានបន្តទៀតថា ចំពោះមូលហេតុដែលអ្នកស្រីចាប់យកការចិញ្ចឹមអង្រ្កងមិនជ្រើសរើសយកការចិញ្ចឹមសត្វផ្សេងទៀត ដោយសារតែអ្នកស្រីយល់ឃើញថា របរនេះនៅខ្មែរមិនទាន់មានអ្នកធ្វើ ហើយទីផ្សារនៃរបរនេះក៏នៅទូលាយខ្លាំង ហេតុនេះទើបអ្នកស្រីចាប់ផ្តើមចាយទុនលើរបរនេះតែម្តង។

327358628 5717573365005537 9201532837705942441 N

ក្នុងកិច្ចសម្ភាសន៍ដដែលនេះ អ្នកស្រី ស្រីមុំបានបញ្ជាក់បន្ថែមថា ចំពោះរបរចិញ្ចឹមអង្ក្រងនេះបើនៅប្រទេសជិតខាងគឺសឹងតែមិនចំណាយទុនទាល់តែសោះសម្រាប់ការចាប់ផ្តើម ព្រោះប្រទេសជិតខាងគេចិញ្ចឹមនៅលើដើមឈើ ប៉ុន្តែសម្រាប់អ្នកស្រីវិញចាយទុនក្នុងការធ្វើអស់ប្រមាណជាខ្ទង់៣០០ដុល្លារជាចំណាយទៅលើការធ្វើធ្នើរដាក់អង្ក្រង ដោយឡែកសម្រាប់ពូជអង្ក្រងគឺអ្នកស្រីយកពីព្រៃគឺពុំមានចំណាយទិញពូជអ្វីនោះទេ។

336616091 871747550597228 8089668678647939427 N

យ៉ាងណាមិញចំពោះការចិញ្ចឹមអង្ក្រងវិញគឺពិតមិនងាយស្រួលដូចដែលគ្រប់គ្នាគិតនោះទេ​ ផ្ទុយទៅវិញវាស្ទើរតែពិបាកចិញ្ចឹមជាងសត្វផ្សេងៗទៅទៀត ព្រោះតែបច្ចេកទេសក្នុងការចិញ្ចឹមអង្ក្រងនេះពុំសូវមានច្រើនឡូវ បើមានក៏មានតែនៅបរទេសដូចជាឥណ្ឌូនេស៊ីប៉ុណ្ណោះ ហេតុនេះវាបានផ្តល់ផលលំបាកយ៉ាងខ្លាំងសម្រាប់អ្នកស្រីមុំ ។ក្រៅពីផលលំបាកលើបច្ចេកទេសចិញ្ចឹមហើយនោះ ការផ្តល់ចំណីសត្វនេះក៏ពិបាកដូចគ្នាព្រោះវាជាសត្វរើសចំណីវាត្រូវការតែចំណីបែបធម្មជាតិបើមានគីមីក៏វាមិនស៊ីដែរ បើនិយាយពីការរស់នៅរបស់វាវិញគឺបើយើងជាម្ចាស់ថែទាំមិនប្រយ័ត្នវាអាចនឹងលោតចោលសំបុក ថែមទាំងអស់ខាំគ្នាឯងទៀត។នេះបើតាមការឱ្យដឹងរបស់អ្នកស្រីមុំ។

317617326 1311467402949849 9068888033918584944 N

តាមរយៈបទពិសោធន៍ក្នុងការចិញ្ចឹមអង្ក្រងកន្លងមករបស់អ្នកស្រី ស្រីមុំ ជាធម្មតាតម្លៃពងអង្ក្រងដែលប្រមូលបានអាចលក់បានក្នុង១គីឡូតម្លៃ ៣៥០០០រៀលសម្រាប់តម្លៃលក់រាយ ដោយឡែកសម្រាប់តម្លៃបោះដុំអាចនឹងធូរថ្លៃជាងនេះបន្តិចបន្តួច។ប៉ុន្តែសម្រាប់ការប្រមូលផលអង្ក្រងនេះគឺពុំទាន់ជាមានភាពពេញលេញនោះទេ ព្រោះបច្ចុប្បន្នអ្នកស្រីកំពុងពង្រីកការចិញ្ចឹមបន្ថែមសិន នៅពេលដែលសំបុកអង្ក្រងកើនឡើងហើយទើបអ្នកស្រីត្រៀមប្រមូលផលតាមក្រោយ៕

336356843 188508040560115 1732649131623859573 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង ​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia