នៅព្រឹកថ្ងៃទី១៦ខែមករា ឆ្នាំ២០២៣នេះ គម្រោងសាងសង់ស្ពានកាបឆ្លងកាត់ទន្លេសាបនៅឫស្សីកែវ ត្រូវបានធ្វើការចាក់បេតុងគ្នារួចរាល់ហើយ។ ដោយការចាក់បេតុងតភ្ជាប់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC ដែលជាម្ចាស់គម្រោងនេះផងដែរ។
តាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ពានខ្សែកាបនេះ មានប្រវែង ៦៤២ ម៉ែត្រ ទទឹង ២០.៥ ម៉ែត្រ មានសសរទាញខ្សែកាបចំនួន ៤ កំពស់ ៤០ ម៉ែត្រធៀបនឹងកម្រាលស្ពាន សាងសង់តភ្ជាប់ពីផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវឆ្លងកាត់ទន្លេសាបឆ្ពោះទៅកាន់ទីក្រុងរណបថ្មីជ្រោយចង្វារ និងផ្លូវជាតិលេខ ៦A។ ហើយគិតត្រឹមថ្ងៃទី១៦ ខែមករា នេះ ការដ្ឋានសាងសង់សម្រេចបាន ៩៣% នៃគម្រោងទាំងមូល។ នៅពេលបើកដំណើរការស្ពានដ៏សំខាន់នេះ នឹងជួយរំដោះការធ្វើចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញថែមទៀតផង។
សូមជម្រាបថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបនេះ ត្រូវបានចាប់ផ្ដើមសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧ ហើយតាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣នេះផងដែរ ខណៈដែលថវិកាសម្រាប់ចំណាយលើការសាងសង់គឺមានចំនួន ៣៥ លានដុល្លារ៕
អត្ថបទ៖ កឹម ប៊ុនធឿន