គម្រោងផ្លូវជាតិលេខ១០ (អតីតផ្លូវលេខ១៥៥១) ដែលសាងសង់ឆ្លងកាត់ខេត្ដចំនួន ៣ រួមមាន៖ ខេត្ដបាត់ដំបង ខេត្ដពោធិ៍សាត់ និងខេត្ដកោះកុង បានសម្រេចការសាងសង់រួចរាល់ ១០០ ភាគរយហើយ។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នានោះ ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង, ក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន ចុះត្រួតពិនិត្យលម្អិត ដើម្បីធានាការប្រើប្រាស់យូរអង្វែងស្របតាមបទដ្ឋានបច្ចេកទេសផងដែរ។
ក្នុងដំណើរចុះពិនិត្យនោះ ឯកឧត្ដមក៏បានបញ្ជាក់ដែរថា ក្រោយពីការងារចុះត្រួតពិនិត្យបច្ចេកទេសនេះចប់ ក្រុមការងារនឹងប្រជុំវាយតម្លៃ នឹងដាក់ជូនឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងសធារណការ និងដឹកជញ្ជូន ពិនិត្យ សម្រេចប្រគល់-ទទួលដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្ន។ ហើយក្នុងនោះដែរ ក្រសួងនឹងដាក់សំណើរទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំកាលបរិច្ឆេទសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
សូមជម្រាបថា គម្រោងផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ ចាប់ផ្ដើមពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ នៃខេត្ដកោះកុង។ ខណៈផ្លូវជាតិនេះត្រូវបានចាប់ផ្ដើមការសាងសង់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកម៉្លេះ៕