គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង (ស្គន់-កំពង់ចាម) ប្រវែងសរុប ៤៥,៥០៤គីឡូម៉ែត្រ (PK000+000 – PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម៤៣%ហើយ។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC (Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ (៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨(ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ (ចាស់) ចំនួន៧ស្ពាន (ស្មើប្រវែងសរុប ១១៦ម៉ែត្រ), លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងបរិក្ខាចរាចរណ៍នានា។
ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។
ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប...។ល។ និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។
កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C, ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦, ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី៕