អភិបាលខេត្ដកោះកុង បញ្ជាក់ស្ថានភាពការសាងសង់ និងពេលវេលាបញ្ចប់គម្រោងផ្លូវជាតិលេខ៤៨
Bunthoeun KoemMAY 27 2024672 views

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ដកោះកុង កាលពីពេលថ្មីៗនេះបានចេញបញ្ជាក់ពីស្ថានភាពនៃការសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ក៏ដូចជាពេលវេលានៃការបញ្ចប់គម្រោងមួយនេះផងដែរ។ ក្រោយគម្រោងមួយនេះត្រូវបានដំណើរការរយៈពេលជាង ២ ឆ្នាំរួចមក។

441954915 978393450955581 3115686566417190112 N

ថ្លែងបញ្ជាក់ក្នុងទំព័រហ្វេសកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបានឲ្យដឹងថា ក្រុមហ៊ុនម៉ៅការសាងសង់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងមមាញឹកក្នុងការស្ថាបនាឱ្យបានសម្រេចតាមផែនការ ក៏ប៉ុន្តែ ដោយសារស្ថានភាពភូមិសាស្ត្រខេត្តកោះកុង មានភ្នំច្រើន ទីទួលច្រើន និងរដូវវស្សាមានភ្លៀងធ្លាក់ច្រើនជោគជាំ ដែលជាកត្តាធ្វើឱ្យការស្ថាបនាស្តារឡើងវិញនូវផ្លូវជាតិលេខ៤៨នេះ មានការយឺតយ៉ាវបន្តិចដែលមិនអាចសម្រេចបានតាមផែនការដែលបានគ្រោងទុក។

ម្យ៉ាងវិញទៀត ការស្ថាបនាផ្លូវជាតិលេខ៤៨ ពិតជាជួបការលំបាកយ៉ាងច្រើន​ ដែលត្រូវធ្វើឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងត្រូវកាត់កូតមួយចំនួន ដូចជាទីខ្ពស់ត្រូវកាត់កូត កន្លែងខ្លះមានដី កន្លែងខ្លះមានថ្ម ហើយកន្លែងដែលទាប ក៏យើងត្រូវលើកកូតឡើងវិញ។បច្ចុប្បន្នក្រុមហ៊ុន កំពុងរកដី និងកម្ទេចថ្ម កៀរ និងចាក់លើកន្លែងផ្លូវរអិល ដើម្បីសម្រួលឱ្យបងប្អូនអាចធ្វើដំណើរបាន។

លោកជំទាវបន្ដថា ពាក់ព័ន្ធនឹងការយឺតយ៉ាវនេះ នាងខ្ញុំសូមអភ័យទោស អធ្យាស្រ័យ និងមេត្តាយោគយល់ ពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវទេសចរជាតិ-អន្តរជាតិ ពាណិជ្ជករ អាជីវករ អ្នករត់តាក់ស៊ី និងពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់។ ទោះបីជាមានការយឺតយ៉ាវ ក្នុងការស្ថាបនាស្តារឡើងវិញផ្លូវជាតិលេខ៤៨នេះក៏ពិតមែន តែក្រុមហ៊ុនកំំពុងសម្រុកធ្វើផ្លូវនេះ និងស្ថាបនាឪ្យរួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០២៥ ខាងមុខ។

សូមជម្រាបផងដែរថា គម្រោងស្ថាបនា និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៤៨ ដែលចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គឺមានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ មានទទឹង ១១ ម៉ែត្រ កម្រាស់៧០មីលីម៉ែត្រ ត្រូវបានសាងសង់ ២ គន្លង និង៤គន្លង។ ខណៈផ្លូវមួយខ្សែនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ កន្លងទៅ៕

443714222 978393510955575 6381454928725383865 N

 

441966514 978393574288902 2335600592386755621 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia